ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១នេះ គឺមានករណីលួចមានស្ថានទម្ង់នទោសកាប់គាស់ទម្លុះទម្លាយ (ប្រើដំបងឈើ គាស់ជញ្ជាំងស័ង្កសីឃ្លាំងលួចទ្រព្យសម្បត្តិ) នៅចំណុចឃ្លាំងទំនិញលេខ១២៦ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ ម៉ោង០១ និង០០នាទី រំលងអាធ្រាត ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ។
ជនរងគ្រោះឈ្មោះលី សុខឡាយ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ ថាច់ ឡេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុ ជនរងគ្រោះ បានចាក់សោទ្វារឃ្លាំងត្រឹមត្រូវ (ចំណុចកើតហេតុ) រួចទៅដេកផ្ទះ ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ ថាច់ ឡេង និងឈ្មោះអេង សៀងហាប់ ជិះកង់០១គ្រឿង ពណ៌ទឹកប្រាក់ មកឈប់ក្បែរឃ្លាំង យកដំបងឈើ គាស់ជញ្ជាំងស័ង្កសីចូលលួចបាន ម៉ាស៊ីនផ្ទុករូបភាពកាមេរ៉ាសុវត្ថិភាព ម៉ាក Hik Vision ០១គ្រឿង, កុំព្យូទ័រលេបថប០៥គ្រឿង (ម៉ាក Asus ពណ៌ខ្មៅលាយក្រហម ០២គ្រឿង, ម៉ាក Dell ពណ៌ខ្មៅ ០២គ្រឿង, ម៉ាក Make Book ០១គ្រឿង), អាយផេត ០១គ្រឿង, USB ០១ និងធុងបាសម៉ាក JBL ០១គ្រឿង រួចគេចខ្លួននាំគ្នាយកកុំព្យូទ័រ ០២គ្រឿង ទៅលក់ឲ្យគេនៅម្តុំផ្សារសូរិយាបានលុយ ៤៧០ដុល្លារ ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់ ចំណែកសម្ភារៈនៅសល់ ឈ្មោះអេង សៀងហាប់ជាអ្នកទុក។ លុះដល់ថ្ងៃទី១៨-០១-២០២១ ម៉ោង១៦និង៣០នាទី សមត្ថកិច្ចយើងឃាត់ខ្លួន បានជនសង្ស័យម្នាក់ ឈ្មោះថាច់ ឡេង នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ដកហូតកង់ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
គួរបញ្ចាក់ផងដែរថា ជនសង្ស័យឈ្មោះថាច់ ឡេង ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ០៥ឆ្នាំ ក្នុងឆ្នាំ២០១៥ ពីបទ ៖ លួចមានស្ថាន ទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀនផងដែរ ៕