ភ្នំពេញ៖ លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង លោក ឆែម ពេត អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទ «ឆបោក» កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធការទិញលក់ដីទំហំ២ហិកតា នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមដីកាសន្និដ្ឋានបញ្ជូនអោយស៊ើបសួរ ដែលទើបទទួលបាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ជនត្រូវចោទទាំង២នាក់ លោក មាស សាវឿន និង លោក ឆែម ពេត ត្រូវដាក់អោយស្ថិតក្រោមការចោទប្រកាន់ ដែលប្រព្រឹត្តកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ តាមមាត្រា៣៧៧ និង មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ជានីតិវិធី ព្រះរាជអាជ្ញា ត្រូវជូនដំណឹងស្តីពីការការចោទប្រកាន់ មកកាន់ក្រសួងយុត្តិធម៌ ដែលជាស្ថាប័នសាម៉ី ហើយលោក មាស សាវឿន ត្រូវចូលរួមនីតិវិធី ដើម្បីការពារខ្លួនតាមផ្លូវច្បាប់ ដូចគេដូចឯងជាធម្មតា ។
ឯកឧត្ដម ជិន ម៉ាលីន បញ្ជាក់ថា ពេលនេះ លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ កំពុងបំពេញមុខងារ និងតួនាទីជាធម្មតា ដោយសារលោក ត្រឹមជាជនសង្ស័យ ដោយពុំទាន់មានសាលក្រមផ្តន្ទាទោសនៅឡើយទេ ។
គួររំលឹកថា លោក មាស សាវឿន ដែលជាអតីតអភិបាលរងខេត្តព្រះវិហារផងនោះ ក៏ធ្លាប់បានរងការចោទប្រកាន់ថា បានរំលោភយកដីស្របច្បាប់របស់លោកស្រី លឹម វណ្ណា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញផងដែរ ៕