កំពង់ចាម : នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម
កាលពី ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពប្រចាំឆ្នាំ២០២០ និងទិសដៅសម្រាប់អនុវត្តការងារបន្ន្តសម្រាប់ឆ្នាំ ២០២១ ក្រោម វត្តមាន ឯកឧត្តម អ៊ុន ចាន អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។
ក្នុង កិច្ចប្រជុំនេះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ឆ្នាំ នេះ ទោះបីមានការរំខានពីវិបត្តិកូវីដ១៩ យ៉ាងណាក្តី ក៏សាខា បានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេស ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ ដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលខ្វះខាតជីវភាព បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា “។ ជាមួយនេះ សាខា ក៏បានរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការ ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ចុះ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការ អប់រំសុខភាព ពាក់ព័ន្ធទៅនឹងវិធានការកាត់បន្ថយហានិភ័យនៃការឆ្លងជម្ងឺកូវីដ19 – ជម្ងឺគ្រុនឈីក គ្រុនឈាម នៅតាមភ្លើងស្តុបនានាក្នុងក្រុង និងនៅតាមមូលដ្ឋាន នានា ក្នុងទូទាំងខេត្ត ។
ឯឩ ប្រធានអង្គប្រជុំ បានបញ្ជាក់បន្ថែមថា ចំពោះផែនការអភិវឌ្ឍសកម្មភាព ឆ្នាំ២០២១ នេះ គឺ សាខា បានរៀបចំ មាន ១៩គោលដៅ និង ៣៩ សកម្មភាព ដោយកំណត់សូចនាករច្បាស់លាស់ ដើម្បីធ្វើអោយសម្រេចបាននូវទិសយុទ្ធសាស្ត្រទាំង ៤ របស់កាកបាទក្រហមកម្ពុជា ស្របទៅនឹងលទ្ធភាពថវិកា របស់សាខា ។ យើងរៀបចំបាន នូវផែនការ មានន័យថា យើងសម្រេចលទ្ធផល បាន ៤០% ហើយ នៅសល់ ៦០% ទៀត គឺជាការប្រតិបត្តិជាក់ស្តែង និង ទេពកោសល្យដឹកនាំ របស់មន្ត្រីយើង តែប៉ុណ្ណោះ ។
មានប្រសាសន៍ក្នុងឱកាសបិទកិច្ចប្រជុំ ឯកឧត្តមប្រធានគណៈកម្មា ធិការសាខា បានណែនាំអំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ បន្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តចូលរួមអនុវត្ត វិធានការរបស់ក្រសួងសុខាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ19 អោយបានជាប្រចាំ – ត្រូវពង្រឹងភាពម្ចាស់ការរបស់សាខា-អនុសាខាក្រុង ស្រុក រួមជាមួយការ ពង្រឹង និងពង្រីកបណ្តាញយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតប ត្រៀមបង្ការ និងកសាងភាពធន់មាំនៅសហគមន៍ ។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ អោយមាន តម្លាភាព និងគណនេយ្យភាព៕