កោះកុង ៖ ឡេលាបស្បែកម៉ាកវ៉ាយធើនិញ យ៉ាងហោចណាស់ចំនួន១០០កេស ដែលឈ្មួញនាំចូលមកពីប្រទេសថៃចូលតាមច្រកចាំយាម បម្រុងចូលទៅរាជធានីភ្នំពេញ ត្រូវបានគយខេត្តកោះកុងឆែករកឃើញកាលពីរំលងអធ្រាតដើមសប្តាហ៍កន្លងទៅនេះ។ ឡេលាបស្បែកគ្មានពន្ធទាំងនោះ ត្រូវគេឆែករកឃើញបង្កប់ជាមួយទំនិញផ្សេងៗនៅក្នុងរថយន្តយីឌុបមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3A-2069 ដែលបានដឹកចូលពីប្រទេសថៃតាមច្រកចាំយាម។ ប្រភពខ្សឹបខ្សៀវបានបង្ហើបឲ្យដឹងថា ប្រភេទទំនិញឡេលាបស្បែកនេះគឺចាំបាច់ ត្រូវមានច្បាប់អនុញ្ញាតិពីក្រសួងសុខាភិបាលជាមុនសិន ទើបឈ្មួញអាចនាំចូលមកបាន តែចំពោះករណីដែលគយនៅច្រកចាំយាមបណ្តែតបណ្តោយឲ្យមានការនាំចូលមកដោយ ពុំមានច្បាប់អនុញ្ញាតិនិងពុំមានការបង់ពន្ធឡើយ។
ប្រភពខាងលើក៏បានឲ្យដឹងផងដែរថា សព្វថ្ងៃចំពោះមុខទំនិញដែលពលរដ្ឋអូសមកតាមរទេះ ដូចជាទំនិញចាប់ហួយ និងផ្លែឈើជាដើមនោះ គឺគយនៅមាត់ច្រកអន្តរជាតិ ចាំយាមយកមួយរទេះពី៥ម៉ឺនទៅ១០ម៉ឺនរៀលដោយពុំមានចេញវិក័យបត្រឲ្យទេ ការពុំ ចេញវិក័យបត្រឲ្យនេះ ត្រូវបានគេសង្ស័យថា គឺជាការប្រព្រឹត្តអំពើពុករលួយក្នុងការប្រមូល លុយដាក់ក្នុងហោប៉ៅខ្លួនឯងច្រើជាងថវិកាជាតិ៕