ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយទាបបើកវេទិកាសាធារណៈស្ដីពីគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ដើម្បីជំរុញឱ្យមានការរីកចម្រើននៅមូលដ្ឋាន

ស្វាយរៀង៖លោកជំទាវស្រីបណ្ឌិតសភាចារ្យភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានដឹកនាំក្រុមការងារបើកវេទិកាសាធារណៈស្ដីពីគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ដើម្បីឆ្លើយតបនូវសំណូមពរក៏ដូចជាកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការជំរុញឱ្យមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។

ការចុះធ្វើវេទិកាសាធារណៈពីលោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយទាបបានធ្វើឡើងនៅព្រឹកថ្ងៃទី ២១ខែមករាឆ្នាំ ២០២១ ដែលមានការចូលរួម ពី ក្រុមការងារនិងអាជ្ញាធរដែនដីប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោកជំទាវបានថ្លែងកោតសរសើរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៃស្រុកស្វាយទាបដែលបានលះបង់អស់កម្លាំងកាយចិត្តដោយមិនគិតពេលវេលាយប់ថ្ងៃដើម្បីបុព្វហេតុចូលរួមលើកកម្ពស់ការអភិវឌ្ឍ ការថែរក្សាសន្តិភាពនិងភាពសុខក្សេមក្សាន្តរបស់ប្រជាជនស្របតាមគោលនយោបាយភូមិឃុំ សង្កាត់និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ។

លោកជំទាវក៏បានថ្លែងជំរុញដល់អាជ្ញាធរដែនដីត្រូវរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចាំដើម្បីផ្សព្វផ្សាយព័ត៌មាននិងដើម្បីទទួលបានព័ត៌មានត្រឡប់មកវិញ អំពីបញ្ហាប្រឈមព្រមទាំងការចូលរួមមតិលើការអភិវឌ្ឍនៅតាមបណ្ដាភូមិឃុំ។និងត្រូវពង្រឹងលើកកម្ពស់គណនេយ្យភាពកិច្ចសហការប្រតិបត្តិការនៅក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមក្តីកង្វល់ សំណើសំណូមពរនិងតម្រូវការនានារបស់ប្រជាពលរដ្ឋ។

លោកជំទាវបន្តថាមិនតែប៉ុណ្ណោះអាជ្ញាធរមូលដ្ឋានត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្ដល់សេវាសាធារណៈផលប្រយោជន៍នានាពីការអភិវឌ្ឍនិងផ្ដល់នូវកិច្ចគាំពារផ្នែកសង្គមប្រកបដោយសមធម៌ជូនដល់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។បង្កើនការយកចិត្តទុកដាក់ផ្ដល់សេវាចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍បញ្ជីមរណភាព សៀវភៅគ្រួសារសៀវភៅស្នាក់នៅនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋពលរដ្ឋប្រកបដោយភាពងាយស្រួលឆាប់រហ័សតម្លាភាពនិងដោយគ្មានការរើសអើង។

លោកជំទាវបន្ថែមថាអាជ្ញាធរត្រូវពង្រឹងនិងលើកកម្ពស់សមត្ថភាពក្រមសីលធម៌ព្រមទាំងឥរិយាបថរបស់មន្ត្រីប្រើសេវាដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ចំពោះសិទ្ធិផលប្រយោជន៍របស់ប្រជាជននិងបង្កការលំបាកដល់ធុរជនក្នុងការស្នើសុំសេវាសាធារណៈ។មិនតែប៉ុណ្ណោះត្រូវបង្កើនការផ្ដល់សេវាគាំទ្រដល់ជនចាស់ជរាពិសេសចាស់ជរាក្រីក្រគ្មានទីពឹងដោយធានាឲ្យបានថាពិតជាពុំមានចាស់ជរាណាដែលមិនបានទទួលការគាំពារឡើយ។លើសពីនេះត្រូវជំរុញការដោះស្រាយវិវាទដីធ្លីនិងសេវាផ្សេងក្រៅប្រពន្ធតុលាការដើម្បីភាពសុខដុមរមនាក្នុងសង្គមតាមរយៈបង្កើតក្រុមការងារចុះជួយដោះស្រាយដល់មូលដ្ឋានដោយផ្អែកលើច្បាប់។

លោកជំទាវក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវបង្កើននៅការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ៩ ចំណុចឲ្យទទួលបានជោគជ័យថែមទៀតដើម្បីធានាបានថាក្នុងមូលដ្ឋានគ្មានអំពើលួចឆក់ប្លន់ គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ អំពើអាណាចារជាដើម។
លោកជំទាវក៏បានជំរុញដល់អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋនៅស្រុកស្វាយទាបទាំងអស់ត្រូវចូលរួមអនុវត្តវិធានការពាររបស់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ ធទប់ស្កាត់និងបង្ការជំងឺកូវីដ១៩ ព្រមទាំងជំនះឲ្យបាននូវផលវិបាកដែលជំងឺនេះបង្កឡើង សំដៅធ្វើឲ្យមានប្រក្រតីភាពឡើងវិញឆាប់រហ័សនូវដំណើរការរីកចម្រើននៃសង្គមជាតិយើង ហើយត្រូវរួមគ្នាធ្វើអនាម័យលាងដៃ ពាក់ម៉ាសនិងនៅគម្លាតគ្នា៕