ភ្នំពេញ ៖ ក្នុងពេលនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ នៅក្នុងសង្កាត់ទួលទំពូង១ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តទួលទំពូង លោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអំពាវនាវអោយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌ និងក្នុងរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ កុំចោលសំរាមពាសវាល ពាសកាល ដែលនាំអោយប៉ះពាល់ដល់បរិស្ថានអនាម័យ ប៉ះពាល់សុខភាព ការរស់នៅ ជាពិសេស នៅរដូវវស្សា ធ្វើអោយសំរាមទាំងនោះចូលស្ទះលូផងដែរ។
ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក ថេង សុថុល បានបន្ថែមថា បញ្ហាសុខភាព គឺជារឿងសំខាន់ដែលត្រូវគិតមុនគេ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ ដោយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ត្រូវធ្វើអនាម័យក្នុងភូមិដ្ឋានរស់នៅ ចូលរួមអនុវត្តទាំងអស់គ្នា ទាំងការវេចខ្ចប់ទុកដាក់សំរាម និងកំណត់ពេលវេលាដែលរថយន្តមកប្រមូលសំរាមចៀសវាងយកសំរាមមកដាក់ចោលនៅតាមចិញ្ចើមផ្លូវ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌចំការមន ក៏បានអំពាវនាវអោយប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គីភ័យ ដោយនៅមុនពេលចេញពីផ្ទះ ត្រូវពិនិត្យមើលនៅភ្លើងចង្ក្រាន ទាន ធូប បញ្ហាចរន្តអគ្គិសនី មុនពេលចាកចេញពីផ្ទះ ត្រូវពិនិត្យមើលអោយបានត្រឹមត្រូវ ចៀសវាងកុំដាក់ដាំបាយ ដាំទឹក ទុកចោលជាដើម ព្រោះថា មកដល់ពេលនេះ ជារដូវរំហើយ ។
សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដែលបានចែកជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករចំនួន ១បាវ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, សាប៊ូ, ម៉ាស, មី, ក្រម៉ា រួមនឹងថវិកាចំនួន ២០,០០០រៀលផងដែរ ៕