កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹង អភិបាល រង ខេត្ត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំ ក្រុមការងារ អញ្ជេីញ ចុះពិនិត្យផ្លូវក្រាលកៅស៊ូ ប្រភេទ DBST និង កសិដ្ឋាន ចិញ្ចឹមសត្វ ស្ថិត នៅ ក្នុង ឃុំស្រក ស្រុកកំពង់សៀម។
បេីតាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានបញ្ជាក់ថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ អ្នកបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្លូវដែលជាសមទ្ធិផលរបស់រាជរដ្ឋាភិបាលតាមរយ: ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងខេត្តកំពង់ចាម ដោយបានចុះពិនិត្យផ្លូវប្រវែង២៨គីឡូម៉ែត្រ ពីភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដល់ផ្លូវ៧១C កាត់ឃុំទួលព្រះឃ្លាំង និងឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលកំពុងអនុវត្តដោយក្រាលកៅស៊ូ ប្រភេទ DBST (ជាថវិកាពហុឆ្នាំរបស់នាយកដ្ឋាន)។
គួរ បញ្ជាក់ថា ទន្ទឹមនឹងការចុះពិនិត្យផ្លូវខាងលេីនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ ជាមួយនឹងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងចិញ្ចឹមសត្វជ្រូក និងសត្វមាន់ និងការដាំដុះ ដំណាំ ផ្សេងៗ របស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ ឃុំស្រក ស្រុកកំពង់សៀមនោះផងដែរ ៕