កម្លាំងបោសសម្អាត បានស្រង់ គ្រាប់ យុទ្ធភណ្ឌជាង ៦តោន ចេញពី ខ្មោច នាវាចម្បាំង ដែលលិចនៅក្នុងទន្លេ មេគង្គ ខេត្តកំពង់ចាម ប្រមាណ ជា ៥០ឆ្នាំ

កំពង់ចាម : គ្រាប់ យុទ្ធភ័ណ មិន ទាន់ ផ្ទុះ សរុប ជាង ៦តោន រួមនឹង សំភារៈ មួយ ចំនួន ត្រូវ បានកងកម្លាំងបោសសម្អាត ស្រង់ចេញពី ខ្មោច នាវាច្បាំង បន្សល់ ទុក ពី សម័យ សាធារណរដ្ឋ ខ្មែរ ឆ្នាំ ១៩៧០-១៩៧៥ ដែល គេ រកឃើញ នៅក្នុង ទឹក ទន្លេមេគង្គ ស្ថិត ក្នុង ភូមិវាល ឃុំមានជ័យ ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បាន ឲ្យដឹង ថា គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានជាង ៦តោននេះ រួមមាន គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ គ្រាប់ត្បាល់៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ។ ក្រៅពីនោះកម្លាំងជំនាញក៏បាន រកឃើញ វត្ថុតាង រួមមាន មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន លន់ ណុល ផងដែរ ។
ជាមួយ គ្នា នោះ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា ក៏ បានលើកឡើងអំពីបញ្ហា និងឧបសគ្គមួយចំនួន ដែលតម្រូវ ឲ្យ ក្រុមការងារជំនាញសិក្សាបន្ថែម ព្រោះមានគល់ឈើ គល់ឬស្សី ព្រមទាំងសំណល់ឧបករណ៍នេសាទចាស់ៗជាច្រើន បានដាច់ហើយមកតោងជាប់នឹងនាវា ដែលជាហេតុធ្វើ ឲ្យ មានការលំបាក ក្នុងការប្រមូលកាក់សំណល់សង្គ្រា ម គ្រាប់ យុទ្ធភ័ណ មិន ទាន់ ផ្ទុះចេញពី ខ្មោច នាវាចម្បាំងនោះ តែទោះជា យ៉ាងណា រហូត មកដល់ពេលនេះ គឺកម្លាំងជំនាញបាន និងកំពុងប្រតិបត្តិការ លេី ការងារ នេះ យ៉ាងក្តៅគគុក ដោយបានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកជុំវិញទីតាំងនាវាលិចនេះ មានទំហំ១,០០០ម៉ែត្រ គុណ ១,៥០០ម៉ែត្រ នៅតាមបណ្តោយដងទន្លេ ប្រមាណជា១៥០ហិកតា ។

គួរ រំលឹក ផង ដែរ ថា បន្ទាប់ពី ក្រុម ហ៊ុន គ្លូបប៊លហ្គ្រីន បាន បូម ខ្សាច់ នៅ តំបន់ នោះ ដេីម្បី ដឹក យក ទៅ រាជធានី ភ្នំពេញ ហើយ បាន ប្រទះ ឃើញ គ្រាប់ យុទ្ធភ័ណ មិន ទាន់ ផ្ទុះ ជាច្រើន គ្រាប់ គឺមាន ១-គ្រាប់AK57 ចំនួន៣គីឡូក្រាម ២-គ្រាប់៦០មីលីម៉ែត្រ ចំនួន១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ បន្ទាប់ មក អាជ្ញាធរមូលដ្ឋាន និង មន្ត្រី ជំនាញ ពាក់ព័ន្ធ ដែល មាន មន្ត្រីស៊ីម៉ាក់ និង ក្រុមជំនាញមុជទឹក បានមកពិនិត្យទីតាំងបូមខ្សច់ នោះ ជម្រៅ ប្រមាណ ជា ១៩ម៉ែត្រ លទ្ធផលក្រុមជំនាញបានពិនិត្យឃើញទ្រង់ទ្រាយជា ម៉ារីន (នាវា ចម្បាំង ) មួយគ្រឿង នេះ។ ជាមួយ គ្នា នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ក៏ បាន ស្នើសុំ គោលការណ៍ ពីសំណាក់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច តេជោ ហ៊ុន សែន ដេីម្បី បង្កេីតក្រុមការងារអន្តរក្រសួង ចុះ សិក្សា និង ដោះស្រាយ បញ្ហា នេះ ផងដែរ ៕