ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍វាលស្បូវ ឃាត់ខ្លួនពីបទ លួចមានស្ថានទម្ងន់ទោស(លួចទូរស័ព្ទដៃ)

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល វាលស្បូវ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ នៅវេលាម៉ោង២២ និង០៥នាទី ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (គាស់ជញ្ជាំងផ្ទះស័ង្កសីលួចទូរស័ព្ទដៃ) ក្នុងផ្ទះលេខ១៩០ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា សារ៉ន ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យម្នាក់ឃាត់ខ្លួនឈ្មោះ ឡុង ផាន ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុជនរងគ្រោះបានទុកទូរស័ព្ទដៃម៉ាក Oppo ពណ៌ស្វាយ ប្រើស៊ីមលេខ ០៧៨៧៨៧៩១៨ បញ្ចូលថ្មនៅលើតុក្នុងផ្ទះកើតហេតុ រួចក៏ដេក ស្រាប់តែជនសង្ស័យ ០២នាក់ឈ្មោះ ឡុង ផាន និងឈ្មោះ នឿន នាំគ្នាធ្វើសកម្មភាពយកដង្កាប់កាត់ជញ្ចាំងស័ង្កសីផ្ទះជនរងគ្រោះចូលលួចទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាកខាងលើ រួចគេចខ្លួន ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗនាំគ្នាឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ឈ្មោះ ឡុង ផាន រួមនិងវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។ ចំណែកបក្ខពួកឈ្មោះ នឿន បានរត់គេចខ្លួនបាត់ ៕