នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើមាត្រាចំនួន៧ គឺមាត្រា៨ នៃជំពូកទី២, មាត្រា១៤ នៃជំពូកទី៤, មាត្រា៣៤ នៃជំពូកទី៧, មាត្រា៤៧ នៃជំពូកទី៩, មាត្រា៥៥ នៃជំពូកទី១០, មាត្រា៦៣ ជំពូកទី១១, មាត្រា៨៥ នៃជំពូក១៣ នៃសេចក្តីព្រាងកែសម្រួលអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម និងថ្នាក់ដឹកនាំនៃអគ្គនាយក នាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ។
ឯកឧត្តម ប៊ុន ហុន បានលើកឡើងថា កិច្ចប្រជុំនៅក្នុងថ្ងៃនេះ គឺធ្វើឡើងដើម្បីបន្តពិភាក្សាលើការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ក្រោយពីបានខកខានប្រជុំតាំងពីខែឧសភា ឆ្នាំ២០២០កន្លងមក។ ឯកឧត្តមបានបន្តថា សម្រាប់ការកែសម្រួលអនុក្រឹត្យនេះ គឺតម្រូវឲ្យអគ្គនាយកដ្ឋានមួយចំនួនត្រូវរៀបចំឲ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធរបស់ខ្លួនដែលបានស្នើសុំកែសម្រួល។ ឯកឧត្តម បានបន្ថែមថា បើទោះជាខ្លឹមសារនៃអនុក្រឹត្យនេះមានការកែសម្រួលក្នុងកម្រិតណាក្ដី ប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យស្របគ្នាជាមួយនឹងអនុក្រឹត្យថ្មីៗដែលរាជរដ្ឋាភិបាលទើបតែបានដាក់ចេញ ហើយការកែសម្រួលអនុក្រឹត្យនេះគឺធ្វើឡើងទៅតាមការវិវត្តរបស់សង្គម និងដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលជួបប្រទះក្នុងពេលអនុវត្តការងាររបស់ភាគីពាក់ព័ន្ធ។
ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីតិកម្ម បានធ្វើការរាយការណ៍ជូនអង្គប្រជុំដោយលើកឡើងថា នាកិច្ចប្រជុំចុងក្រោយកាលពីឆ្នាំ២០២០កន្លងទៅ អង្គប្រជុំបានពិនិត្យ និងឯកភាពស្ទើរតែទាំងស្រុងលើចំណុចដែលបានពិភាក្សា ដោយឡែកនៅមានចំណុចខ្លះពាក់ព័ន្ធនឹងអគ្គនាយកដ្ឋានមួយចំនួនត្រូវមានការកែសម្រួល និងពិភាក្សាគ្នាបន្ថែមទៀត ដោយធ្វើយ៉ាងណាឲ្យស្របទៅតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។
ឯកឧត្តម ប៊ុន ហុន បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានចូលរួមពិនិត្យលើអនុក្រឹត្យនេះឲ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ហើយកែសម្រួលតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋាន និងនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃឲ្យកាន់តែមានភាពច្បាស់លាស់ សម្រាប់ដាក់ជារបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង។
សូមជម្រាបថា អនុក្រឹត្យលេខ១០៩ នេះ មាន១៧ជំពូក និង៩៩មាត្រា ហើយគោលបំណងអនុក្រឹត្យនេះ គឺកំណត់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងមានគោលដៅកំណត់ដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ហើយមានវិសាលភាពអនុវត្តចំពោះអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕