រដ្ឋបាលខេត្តកោះកុង រៀបចំពិធីសម្ពោធអគារសិក្សា០១ខ្នង នៅសាលាបឋមសិក្សាតាមាឃ ស្ថិតក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ក្រោមជំនួយឧបត្ថម្ភពីអង្គការដៃគូអភិវឌ្ឍន៍

ថ្ងៃចន្ទទី២៥ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា០១ខ្នង មាន០៥បន្ទប់ ដែលជាហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ក្នុងវិស័យអប់រំ ផ្តល់ជូនមូលដ្ឋានតំបន់ដាច់ស្រយាល ដែលត្រូវបានសាងសង់ឡើងក្នុងបរិវេណសាលាបឋមសិក្សាតាមាឃ ស្ថិតក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមជំនួយឧបត្ថម្ភពីអង្គការដៃគូអភិវឌ្ឍន៍។

នាឱកាសដ៏ថ្លៃថ្លានោះ លោកជំទាវអភិបាលខេត្ត បានថ្លែងថា ពិតណាស់ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ ឱកាសនៃការអភិវឌ្ឍក៏ បានចាប់ផ្តើមឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណជាដំណាក់ៗរបស់រាជរដ្ឋាភិ បាលកម្ពុជា ដែលបានកំណត់យកអាទិភាពធំៗ ៤ គឺ “មនុស្ស ផ្លូវ ភ្លើង ទឹក”។ ជាបន្តបន្ទាប់ វិស័យអប់រំត្រូវបានពង្រីកវិសាលភាពរបស់ខ្លួនពីទីប្រជុំជនទៅកាន់តំបន់ជនបទ ដើម្បីផ្តល់ឱកាសដល់ប្រជាជនខ្មែរគ្រប់ៗរូបទទួលបានការអប់រំ ពីព្រោះការអប់រំសម្រាប់ទាំងអស់គ្នា ដោយធ្វើឱ្យ មានការអប់រំមូលដ្ឋានយ៉ាងតិច ៩ ឆ្នាំ ដោយឥតបង់ថ្លៃ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា។

នៅឆ្នាំសិក្សាថ្មីនេះ យើងក៏នៅតែផ្តោតលើការស្វែងរក និងប្រមូលកុមារឱ្យបានចូលរៀនគ្រប់ៗគ្នា ទោះបីពួកគេស្ថិតនៅទីណា ក្នុងស្ថានភាពបែបណាក៏ដោយ។ ពោលគឺត្រូវទៅឱ្យដល់ កន្លែងណាដែលយើងទៅមិនទាន់ដល់ ស្របពេលជាមួយគ្នានឹងការពង្រឹងគុណភាព និងចីរភាព ដើម្បីធានាបាននូវការផ្តល់សេវាអប់រំឱ្យបានគ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ទាំងតំបន់ជួបការលំបាក តំបន់ដាច់ស្រយាល។

ជាមួយគ្នានេះ យើងក៏កំពុងយកចិត្តទុកដាក់អនុវត្តសិទ្ធិកុមារនៅគ្រប់គ្រឹះស្ថានសិក្សា ដោយទាក់ទាញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស មាតាបិតា អ្នកអាណា ព្យាបាលសិស្ស ក្នុងការបង្កើនបរិស្ថានរៀនសូត្រឱ្យដល់សិស្សានុសិស្សឱ្យប្រកបដោយផាសុកភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ពោលគឺត្រូវចៀសវាងពល់អំពើហិង្សានានាចំពោះកុមារនោះ។ នេះជាកាតព្វកិច្ចធំធេងណាស់ សម្រាប់លោកគ្រូ អ្នកគ្រូ ទាំងអស់របស់យើង ដែលត្រូវយកចិត្ត ទុកដាក់នៅគ្រប់ទីកន្លែង ទោះជាតំបន់ជួបការលំបាក តំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ជាដើម។

រដ្ឋបាលខេត្តកោះកុង និងប្រជាពលរដ្ឋទូទាំងខេត្ត សូមធ្វើការវាយតម្លៃខ្ពស់ និងមានការ ពេញចិត្តពេញថ្លើម ចំពោះការរីកចម្រើនឥតឈប់ឈរ នូវទំនាក់ទំនង និងសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើគ្រប់វិស័យរវាងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលនានាដែលជាដៃគូអភិវឌ្ឍន៍។ កិច្ចសហការរៀបចំរួមគ្នានូវពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មី០១ ខ្នង មាន០៥បន្ទប់ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាតាមាយ ភូមិតាមាយ ឃុំអណ្តូងទឹក ស្រុក បូទុមសាគរ នាឱកាសនេះ គឺជាសមិទ្ធផលថ្មីមួយកើតឡើងពីការខិតខំពីគ្រប់ភាគីពាក់ព័ន្ធ រួម ទាំងរាជរដ្ឋាភិបាល អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សប្បុរសជន សហគមន៍ អន្តរជាតិ ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការសាងសង់អគារសិក្សានេះ ដែលជាដំណោះស្រាយចាំបាច់ចំពោះបញ្ហាប្រឈមរបស់វិស័យអប់រំនៅមូលដ្ឋាន គឺធានាឱ្យមាន តុល្យភាព រវាងការពង្រឹងគុណភាពអប់រំ និងការពង្រីកបរិមាណ ព្រមទាំងជំរុញឱ្យមានការសិក្សា រៀនសូត្រពេញមួយជីវិត ព្រោះការសិក្សារៀនសូត្រ គឺជាការងារមួយគ្មានទីបញ្ចប់។ ជារួម យើងឃើញថា បរិមាណក្នុងវិស័យអប់រំចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវឱ្យមានការបង្កើនសាលារៀន គ្រូបង្រៀន (ពិសេសនៅតាមតំបន់ដាច់ស្រយាល) និងការបង្កើនមូលដ្ឋានស ម្ភារៈថែមទៀត ដើម្បីដោះស្រាយកំណើនសិស្សនេះ។ ក្នុងស្មារតីនេះ យើងពិតជាត្រូវការកម្លាំង សរុបពីគ្រប់ភាគីពាក់ព័ន្ធ ដោយរួមគ្នាដោះស្រាយ ដោយមិនត្រូវទុកឱ្យកូនចៅយើងណាម្នាក់ ស្ថិតនៅក្រៅសេវាអប់រំ ឬជាមនុស្សដែលគ្មានជំនាញពិតប្រាកដនោះឡើយ ជាពិសេស ចំពោះ ក្រុមងាយរងគ្រោះ ដែលត្រូវយកចិត្តទុកដាក់ជាបឋម។

ជាចុងក្រោយ ជាសំណូមពររបស់រដ្ឋបាលខេត្ត ក៏ដូចជាសំណូមពររបស់ខ្ញុំ គឺសូមស្នើឲ្យ ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវយុទ្ធសាស្ត្រ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល ព្រមទាំងគោលការណ៍ណែនាំនានា របស់ក្រសួង/ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះឲ្យមានប្រសិទ្ធភាពខ្ពស់បន្តទៀត។ ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលជាមួយគ្នា នូវអគារសិក្សា ចំនួន ០១ខ្នង មាន ០៥បន្ទប់ នាពេលនេះ ខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូម ប្រកបដោយសុខភាពល្អបរិបូរណ៌ សម្រេចបានជោគជ័យក្នុងគ្រប់ការងារ មានសិរីសួស្តី និង សុខសុភមង្គល គ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕