ស្ពានថ្មថ្មីវត្តពោធិ៍បន្ទាយជ័យត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដែលកើតចេញពីកម្លាំងសាមគ្គីមួយ

MC. ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងឆ្លងកាត់ស្ទឹងសៀមរាប នៅវត្តពោធិ៍បន្ទាយមានជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភាមណ្ឌលសៀមរាប និងលោកជំទាវ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប, ឯកឧត្ដមទេស ច័ន្ទគីរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបស្តីទី ព្រះតេជព្រះគុណជុំ គីមឡេង ព្រះមេគណខេត្តសៀមរាប ព្រះចៅអធិការវត្តពោធិ៍បន្ទាយមានជ័យ និងវត្តមាន ព្រះថេរា នុថេរ: ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ, មន្ទីរ អង្គភាព មន្ត្រីរាជការ តាជី យាយជី ពុទ្ធបរិស័ទ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ជាច្រើនរយនាក់បានចូលរួមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប មានប្រសាសន៏ថា ដោយយើងមើលឃើញពីផលលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់បានធ្វើដំណើរឆ្លងកាត់តាមស្ពានថ្មចាស់មានសភាពតូចចង្អៀត ពេលខ្លះធ្វើឱ្យស្ទះនៅពេលឆ្លងកាត់ម្តងៗ ដូច្នេះ ហើយទើបព្រះគ្រូចៅអធិការវត្តពោធិ៍បន្ទាយជ័យ គណៈកម្មការអាចារ្យវត្ត បានអំពាវនាវដល់សប្បុរសជន និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត អំពីផែនការសាងសង់ស្ពានថ្មថ្មីនេះឡើង ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍ពេលធ្វើដំណើរឆ្លងកាត់នោះ។ តាមរយៈនៃការជូនដំណឹង និងអំពាវនាវនេះ ក៏មានបងប្អូនសប្បុរសជននានា និងប្រជាពុទ្ធបរិស័យបានចូលរួមឧបត្ថម្ភគាំទ្រជាហូរហែផងដែរ ជាហេតុធ្វើឲ្យការងារ សាងសង់ស្ពានថ្មថ្មី បានដំណើរការទៅដោយរលូន និងបានបញ្ចប់ទៅដោយជោគជ័យតាមការគ្រោងទុកជាស្ថាពរ។

ឯកឧត្តម បានបន្តថា ការរួបរួមសាមគ្គីនាពេលនេះ គឺជាកម្លាំងសទ្ធាជ្រះថ្លាមួយ ដែលបានកើតចេញពីទឹកព្រះទ័យ និងទឹកចិត្តដ៏ល្អបរិសុទ្ធរបស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ របស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានធ្វើឱ្យសមិទ្ធផលសម្រេចជាផ្លែផ្កាគួរជាទីមោទនៈ ជាសក្ខីភាព ដែលយើងទាំងអស់គ្នាបាននិងកំពុងរៀបចំប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរជាផ្លូវការនូវស្ពានថ្មវត្តពោធិ៍បន្ទាយមានជ័យដ៏ថ្មីស្រឡាងនាពេលនេះ។ ដែលជាការបញ្ជាក់ឱ្យឃើញច្បាស់នូវទឹកព្រះទ័យ និងទឹកចិត្តស្រឡាញ់ ប្រកបដោយការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំចំពោះសមិទ្ធផលដែលយើងសម្រេចបាននាពេលកន្លងមក ដែលកើតពីការរួបរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងកិច្ចដំណើរការសាងសង់ស្ពានថ្មថ្មីវត្តពោធិ៍បន្ទាយជ័យនេះ មានបណ្តោយប្រវែង ២២ម៉ែត្រ និងទទឹង ៩,២០ម៉ែត្រ ដែលបានចំណាយថវិកាកសាង សរុបចំនួន ២០២.២៩៨.០០$ (ម្ភៃម៉ឺនពីរពាន់ ពីររយកៅសិបប្រាំបីដុល្លារអាមេរិក) ៕