កំពង់ចាម : ជនសង្ស័យ ម្នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ ខ្លួន បន្ទាប់ ពី កាប់ សម្លាប់ ទៅ លើ រងគ្រោះ ម្នាក់ ត្រូវ ជា បងប្អូន ជីដូន មួយគ្នា ហើយ រត់ គេច ខ្លួន បាន រយៈពេល ២ថ្ងៃ ករណី ឃាតកម្ម នេះ បានកើតឡើង នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ។បន្ទាប់ពីបានទទួលបាន ពត៌មាន ពីអធិការនគរបាលស្រុកបាធាយ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានចាត់ឲ្យវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ដឹកនាំកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្ត សហការណ៍ជាមួយ កម្លាំងជំនាញស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្ដែក ចុះដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់។
ករណី ឃាតកម្មនេះ បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ឌឿន តូច អាយុ៣១ឆ្នាំ មានទីលំនៅនៅភូមិ-ឃុំកើតហេតុខាងលើ បាន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ការកាប់ប្រហារនេះ បន្ទាប់ពីជនរងគ្រោះដើរចេញពីរោងការមួយកន្លែង ទៅយកម៉ូតូ ដែលផ្ញើទុកនៅនឹងផ្ទះពលរដ្ឋ នៅខាងត្បូងរោងការ ដោយដើរតាមផ្លូវលំបានប្រហែល៧០ម៉ែត្រ បម្រុងទៅយកម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏ត្រូវជនល្មើសលបកាប់នឹងកាំបិតបណ្ដាលឲ្យរងរបួសផ្នែកមុខជាច្រើនកាំបិត ត្រូវកំភួនដៃ និងដាច់កដៃខាងឆ្វេង ស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយធ្វើសកម្មភាព ជនដៃដល់បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ដោយមានការស្រាវជ្រាវ និងយកចិត្តទុកដាក់ នៅវេលាម៉ោង៨:៣០នាទី យប់ ថ្ងៃទី២៥ មករា ២០២១ កម្លាំងជំនាញយើងបានឃាត់ខ្លួនជនដៃដល់ម្នាក់ ឈ្មោះ តឿន ទុំ អាយុ១៩ឆ្នាំ រស់នៅភូមិកើតហេតុ បានជោគជ័យ ។
បន្ទាប់ពីបានធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងជីដូនមួយនេះពិតប្រាកដមែន ហើយមូលហេតុកាប់ច្រឡំរឿងគំនុំពីថ្ងៃ ជាមួយភ្ញៀវខាងកូនកំលោះ។
ក្នុងនោះកម្លាំងជំនាញដកហូតបាន ដាវចំនួន០១ ជាវត្ថុតាង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាធាយ តាមបទបញ្ជារបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងកំពុងចងក្រងសំណុំរឿង តាមនីតិវិធី ៕