ថ្លែងនៅក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ គោលការណ៍ណែនាំ ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត សម្រាប់គណៈឱសថការីកម្ពុជា និងចែកវិញ្ញាបនបត្របញ្ជិកា ដល់សមាជិកគណៈឱសថការីខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានក្រុមប្រឹក្សា គណៈឱសថការីជាតិ បានគូសបញ្ជាក់ថា៖ លិខិបទដ្ឋានគតិយុត្ត នៃការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់គណៈឱសថការិកម្ពុជា គឺដើម្បីចូលរួមក្នុងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល ក៏ដើម្បីការពារសុខភាព សុវត្ថិភាពជូនប្រជាជនផងដែរ និងបានធានាថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ មានគុណវុឌ្ឍិសមត្ថភាព និងមានសម្បទាគ្រប់គ្រាន់ ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន គឺការបើកឱសថដ្ឋានជាដើមនោះ។
គោលការណ៍ណែនាំនេះ ត្រូវបានពន្យល់ឲ្យដឹងថា៖ តើអ្នកប្រកបវិជ្ជាជីវៈឱសថសាស្រ្តអមវេជ្ជសាស្រ្ត អាចបំពេញតាមលក្ខខ័ណ្ឌតម្រូវការរបៀបណា ដើម្បីធានាថា ការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដែលពាក់ព័ន្ធនឹងវិជ្ជាជីវៈរបស់ខ្លួននោះ ត្រូវបានបង្កើនចំណេះដឹង និងសមត្ថភាព ក្នុងការផ្តល់សេវាសុខាភិបាលទៅដល់អ្នកជម្ងឺ ឬអតិថិជន ស្របតាមក្រមសីលធម៌ បទដ្ឋានច្បាប់ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។
លើកឡើងនៅក្នុងអង្គសិក្ខាសាលានោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញនូវការកត់សម្គាល់ថា៖ ជាមោទនភាព និងជាភាពកក់ក្តៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប គឺក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ឱសថការី-ឱសថដ្ឋាននានា ដែលបាននិងកំពុងប្រកបមុខរបបរបស់ខ្លួន គឺមិនមានឱសថស្ថានណាមួយបង្ករឲ្យមានបញ្ងាអវិជ្ជមាន បង្ករគ្រោះថ្នាក់ដល់អ្នកជម្ងឺ ឬអតិថិជនរបស់ខ្លួននោះឡើយ ឬក៏មានករណីប្រព្រឹត្តិទង្វើណាមួយផ្ទុយអំពីច្បាប់នោះឡើយ។ ធានាបានយ៉ាងដូច្នេះ ព្រោះថា បើសិនជាមានបាតុភាពខុសឆ្គងវាកើតឡើង នោះមិនអាចស្ថិតនៅក្នុងភាពជាអាថ៌កំបាំងនោះឡើយ ក្នុងសម័យកាលព័ត៌មានវិទ្យាដ៏ទំនើបនេះ។ យ៉ាងណាក៏ដោយ ប្រធានមន្ទីរសុខាភីបាលខេត្តសៀមរាប បានជម្រុញឲ្យឱសថការីទាំងអស់ បន្តការចូលរួមអនុវត្តភាពត្រឹមត្រូវ និងបង្កើនការប្រុងប្រយ័ត្នជានិច្ច ព្រោះថាករណីអវិជ្ជមានមួយ ឬ ពីរ វាបានកើតឡើង នោះវានឹងជះឥទ្ធិពលមិនល្អ ដល់ឱសថការីទាំងអស់ជាមិនខាន។
តាមបាយការណ៍របស់លោកស្រី លី វណ្ណៈ ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តសៀមរាប បង្ហាញឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១១ មកដល់ឆ្នាំ២០២០ ខេត្តសៀមរាបបានទទួលការចុះឈ្មោះ និងទទួលស្គាល់ជាសមាជិករបស់គណៈឱសថការីបានចំនួន៣២៣នាក់ ក្នុងនោះភាគច្រើនជាស្រ្តី មានរហូតដល់២៦៣នាក់ ហើយឱសថស្ថាន-ឱសថស្ថានរងនៅក្នុថខេត្តសៀមរាប មានចំនួនសរុប ៣០១កន្លែង៕