កំពង់ចាម : ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្ត ឆ្នាំ២០២១ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខា បានចាត់ទុក លទ្ធផល របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម សម្រចបានទាំងអស់ គឺបានឆ្លុះបញ្ចាំងអំពីការចូលរួមចំណែកគាំទ្រ គោលនយោបាយ របស់រាជរដ្ឋាភិបាល ។
ក្នុង ឱកាស នោះ ដែរ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានថ្លែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ សាខា ដែលបានដឹកនាំ និងខិតខំប្រឹងប្រែង ជម្នះពុះពារបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការសម្រួលទុក្ខលំបាករបស់ស្រ្តី និងជនងាយរងគ្រោះ ក្នុងខេត្តកំពង់ចាម ។ លទ្ធផលទាំងអស់នេះ គឺឆ្លុះបញ្ចាំងអំពីការចូលរួមចំណែកគាំទ្រ គោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ផងដែរ ។
លោកជំទាវ មានប្រសាសន៍ថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះ ដ៏ចាំបាច់ សម្រាប់រាជរដ្ឋាភិបាល ព្រោះ ប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាព របស់ប្រជាជន បើបាត់បង់សន្តិភាពនោះ អ្វីៗគ្រប់យ៉ាង រួមទាំងសមភាពយេនឌ័រ នឹងត្រូវបាត់បង់ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។ ជាក់ស្តែង បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស អាស្រ័យ ដោយនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើមដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជា មានការប្រែប្រួល រីកចម្រើន និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ។
ជាមួយគ្នា នោះ លោកជំទាវប្រធានកិត្តិយសសាខា ក៏បានសំណូមពរ ដល់ថ្នាក់ដឹកនាំ សមាជិកាសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ឲ្យ យកចិត្តទុកដាក់ ផ្តោតលើការងារសំខាន់ៗ គឺត្រូវ ចេះការពារខ្លួន និងធ្វើអនាម័យជាប្រចាំ ដើម្បីជៀសផុតពីជម្ងឺគ្រប់ប្រភេទ ពិសេសជម្ងឺ COVID-19 ។ ហេីយ បន្តអនុវត្តឲ្យបានជោគជ័យនូវទិសដៅការងារឆ្នាំ២០២១ របស់សាខា និងពង្រឹងរចនាសម្ព័ន្ធ រក្សាស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែរឹងមាំ ព្រមទាំង រួមគ្នាថែរក្សាសុខសន្តិភាព និងទប់ស្កាត់ឲ្យបាននូវមហិច្ឆតាអាក្រក់ទាំងឡាយ ដែលប៉ុនប៉ងបង្កចលាចល បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់សង្គម ផងដែរ ៕