នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើមាត្រា១២ និង១៣ នៃជំពូកទី៣ លើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនាពេលនេះ អង្គប្រជុំអន្ដរក្រសួងទាំងមូលបន្តពិនិត្យ និងពិភាក្សាលើមាត្រា១២ ដោយកាលពីកិច្ចប្រជុំលើទី៥ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១កន្លងទៅ អង្គប្រជុំទាំងមូលបានបញ្ចប់ការពិភាក្សារលើមាត្រា១១ នៃជំពូកទី៣ រួចហើយ។
នៅក្នុងកិច្ចប្រជុំនេះដែរ ក្រុមបច្ចេកទេសអន្ដរក្រសួងក៏បានធ្វើការជជែក និងពិភាក្សា ពិគ្រោះយោបល់ដោយលើកយកនូវធាតុចូលសំខាន់ៗស្វែងរកការឯកភាពគ្នាដើម្បីធ្វើឱ្យសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនេះមានភាពល្អប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ថា ៣ជំពូកដែលបានពិភាក្សា មានមាត្រាសរុប១៣ ហើយតាមរយៈកិច្ចប្រជុំពិភាក្សាកន្លងមក លើ៣ជំពូកនេះ បានសម្រេច១១មាត្រាហើយ នៅសល់ ២មាត្រាទៀតត្រូវបានលើកមកជជែកពិភាក្សានៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ។
សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជានេះ មានចំនួនសរុប៩ជំពូក និងចំនួន៥០មាត្រា ដោយមានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេសដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ជាងនេះទៅទៀត ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូបដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាលើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្ដរជាតិដែល ព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅមុនពេលដែលច្បាប់ នេះចូលជាធរមានហើយក៏ដោយ៕