កំពង់ស្ពឺ៖ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស អាយុ៤១ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅផ្ទះលេខ៤៧ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹង ប្តឹង លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ពាក់ព័ន្ធបទល្មើស ប្រើអំពើហិង្សាបង្ខាំងទុកក្នុងរថយន្តគំរាមបាញ់សម្លាប់ចោល ។
នេះយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលគោរពជូនលោកស្រីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ ។
ក្នុងពាក្យបណ្តឹង បានរៀបរាប់ថា កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែ២នាក់ ស្ថិតលើដងផ្លូវនៅចំណុចរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល លោក សូយ ចាន់សឿន បានវាយដំជនរងគ្រោះ និង បានដកកាំភ្លើងខ្លីភ្ជង់គំរាមមិនអោយជនរងគ្រោះស្រែក និង គំរាមបាញ់បាក់ជើង និង បាញ់សម្លាប់ចោល តាមផ្លូវរហូតដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះ រៀបរាប់ទៀតថា លោក សូយ ចាន់សឿន បានបង្ខាំងជនរងគ្រោះទុកក្នុងផ្ទះកូនចៅរបស់គាត់ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃ ក្រសួងការពារជាតិ រហូតដល់ម៉ោង៧យប់ ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍រំដោះជនរងគ្រោះចេញពីផ្ទះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ជាមួយគ្នានេះ ជនរងគ្រោះសំណូមពរអោយតុលាការ ចាប់ខ្លួននិងឃុំខ្លួន លោកផ្កាយ២ សូយ ចាន់សឿន និង ទាមទារថ្លៃសំណងព្យាបាលរបួសចំនួន១លានដុល្លារ ព្រមទាំងជំងឺចិត្តចំនួន១លានដុល្លារ ។
ទោះបីយ៉ាងណា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ ពុំទាន់សុំការបញ្ជាក់បន្ថែមពីជនរងគ្រោះ បាននៅឡើយទេ ដោយសារជនរងគ្រោះប្រាប់ថា កំពុងជាប់រវល់ ។
ដោយឡែក លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ក៏ ពុំទាន់សុំការបំភ្លឺ បានដែរ ដោយសារគ្មានលេខទូរស័ព្ទ ដើម្បីទំនាក់ទំនង ៕