ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួន ឈ្មោះ ឡុង ហ្វីលីប ថៅកែដេប៉ូបូមខ្សាច់ល្បីឈ្មោះនៅគល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ និង ត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីបទល្មើស ចេញសែកគ្មានប្រាក់ជាច្រើនម៉ឺនដុល្លារ ។
យោងតាមប្រភពព័ត៌មានដែលក្រុមការងារទូរទស្សន៍អប្សរា ទើបទទួលបាន គឺ ពេលនេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរជនសង្ស័យតាមនីតិវិធី ។
គួរបញ្ចាក់ថា កាលពីថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ ឈ្មោះ ឡុង ហ្វីលីប ត្រូវបានចាប់ខ្លួនតាមដីការបញ្ជាអោយចូលខ្លួនរបស់តុលាការ ពាក់ព័ន្ធបទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន បទរំលោភលើទំនុកចិត្ត និង បទក្លែងឯកសារសាធារណៈ ខណៈជនសង្ស័យ បាន គេចវេសមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច និង ដីកាបញ្ជាអោយចូលខ្លួនរបស់តុលាការ ជាបន្តបន្ទាប់ ។
ជនត្រូវចោទឈ្មោះ ឡុង ហ្វីលីប បានសារភាពថា ខ្លួនបានបើកក្រុមហ៊ុនឈ្មោះ MPL ធ្វើអាជីវកម្មបូមខ្សាច់នៅចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយនៅក្នុងឆ្នាំ២០១៧ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ឈ្មោះ សាយ សេងថៃ ចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅបង់ពន្ធរថយន្តដែកបញ្ជាទិញពីឌូបៃនាំចូលមកប្រទេសកម្ពុជា ប៉ុន្តែប្រាក់នេះបង់មិនគ្រប់ទើបខ្លួនសុំខ្ចីបន្ថែមចំនួន៣ម៉ឺនដុល្លារទៀត ដោយការខ្ចីម្ដងៗ ខ្លួនបានចេញសែកតម្កល់ និងដាក់ប្លង់ដីដើម្បីធានាលើបំណុល។
ក្នុងនោះប្រាក់ដែលត្រូវបង់ពន្ធចំនួន៤៨.០០០ដុល្លារលើរថយន្ត១២គ្រឿងដែលនាំចូល មានរថយន្តបាឡែន រថយន្តព្រូស និងរថយន្តលុចស៊ីស ។ បន្ទាប់មក ខ្លួនបានលក់រថយន្តទាំងនោះអោយក្រុមហ៊ុនមួយចំនួន ប៉ុន្តែក្រុមហ៊ុនទាំងនោះស្ទះលុយបង្វិលប្រាក់សងមកខ្លួនមិនទាន់ពេលវេលាដែរ ទើបខ្លួននៅជំពាក់ប្អូនធម៌ឈ្មោះ សាយ សេងថៃ ដល់សព្វថ្ងៃនេះ ។ ក្រោយមក ប្អូនធម៌ក៏ប្តឹងសមត្ថកិច្ច ចាប់ខ្លួនតែម្តង ៕