ខេត្តព្រះសីហនុ.ក្រុមហ៊ុន ស៊ីម៉ៅ ខូអិលធីឌី ត្រូវបានតម្រូវអោយបិទផ្អាកសកម្មភាពផលិតកែច្នៃផេះធ្យូងថ្មនៅលើទីតាំងបច្ចុប្បន្នជាបណ្តោះអាសន្ន និងស្នើអោយរៀបចំទីដាក់នៅតាំងថ្មីសម្រាប់ផលិតកែច្នៃកាកសំណល់ផេះធ្យូងថ្ម ដើម្បីបញ្ចៀសផលប៉ះពាល់ដល់សុខភាពប្រជាជនក្នុងមូលដ្ឋាននៃតំបន់ជុំវិញនោះ។
នៅព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កិច្ចប្រជុំដោះស្រាយផលប៉ះពាល់ដោយការកែច្នៃសំណល់ផេះធ្យូងថ្មរបស់ក្រុមហ៊ុនមួយ មានទីតាំងនៅស្រុកស្ទឹងហាវ បានធ្វើឡើងនៅខេត្តព្រះសីហនុ ក្រោមអធិបតី ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីអាជ្ញាធរស្រុកស្ទឹងហាវ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងក្រុមហ៊ុនហ៊ុនផលិតអគ្គិសនី ប្រើដោយថាមពលធ្យូងថ្ម និងក្រុមហ៊ុនប្រមូលនិងកែច្នៃកាកសំណល់ធ្យូងថ្ម ផងដែរ។ 
តាមរយៈកិច្ចប្រជុំនេះក្រសួងបរិស្ថាននិងនិងអាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទផ្អាកទីតាំងកែច្នៃផែធ្យូងថ្មនៅថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២១។ក្រុមហ៊ុនត្រូវបានអនុញ្ញាតអោយដំណើរប៉ុន្តែត្រូវរៀបចំនៅទីតាំងផ្សេងដែលមិនប៉ះពាល់សុខភាពប្រជាជនក្នុងតំបន់ជុំវិញនោះ។
ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបានធ្វើការណែនាំជាបន្តបន្ទាប់ ឱ្យក្រុមហ៊ុន ស៊ីម៉ៅ រកទីតាំងថ្មី ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកស្ទឹងហាវ ពិសេសផលប៉ះពាល់ផ្លូវដង្ហើម។ជាមួយនោះក្រសួងក៏បានធ្វើការផាកពិន័យ ក្រុម ហ៊ុន ស៊ីម៉ៅ ខូអិលធីឌី ផងដែរប៉ុន្តែក្រុមហ៊ុនស៊ីម៉ៅ មិនទាន់បានអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ក៏ដូចជាអាជ្ញាខេត្តនោះឡើយ។
ឯកឧត្តម មានប្រសាសន៍ថា ផេះធ្យូងថ្មនេះវាមានតម្លៃសេដ្ឋកិច្ច និងមានគុណតម្លៃខ្ពស់សម្រាប់យកទៅលាយជាមួយបេទីម នៅតាមរោងចក្រក្រឡុកស៊ីម៉ង ព្រោះវាមានគុណភាពអាចជួយការពារជម្រាបទឹក។ក៏ប៉ុន្តែទោះជាយ៉ាងណា ដើម្បីបង្ការកុំអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅក្បែរនោះ ក្រសួងបរិស្ថាន សូមបិទទីតាំងស្តុក ផលិតផេះធ្យូងថ្មរបស់ក្រុមមហ៊ុន ស៊ីម៉ៅ ត្រេឌីង ខូអិលធីឌី ជាបណ្តោះអាសន្ន ។





































