ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងភារកិច្ចការពារជាតិមាតុភូមិ របស់កងពលតូចអន្តរាគមន៍លេខ៨ ក្នុងអំឡុងពេលជាង១០ឆ្នាំកន្លងមកនេះ បានយ៉ាងល្អប្រសើរ

ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំលេខ៣ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង នៅក្នុងភារកិច្ចការពារជាតិមាតុភូមិ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នៅតាមភូមិសាស្ត្រដែលអង្គភាពខ្លួនទទួលខុសត្រូវ ក្នុងអំឡុងពេលជាង១០ឆ្នាំកន្លងមកនេះ បានយ៉ាងល្អប្រសើរ។

ប្រសាសន៍កោតសរសើរ និងវាយតម្លៃ របស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងនៅក្នុងពិធីប្រជុំសំណេះសំណាលសួរសុខទុក ជាមួយនាយ និងពលទាហាន នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ រួមនឹងអង្គភាពវរសេនាតូចចំណុះទាំង៥ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅអគារទីបញ្ជាការកងពលតូចលេខ៨។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា ទម្រាំយើងឈានមកដល់បច្ចុប្បន្ននេះ បងប្អូនមានការលំបាកជាង១០ឆ្នាំកន្លងមកហើយ។ ពិសេសរយៈពេល៤ឆ្នាំមុនដំបូង យើងមានការខ្វះខាតជាខ្លាំង ទាំងទឹកប្រើប្រាស់ ស្បៀងអាហារ គ្មានទាំងលេណដ្ឋានសម្រាប់បម្រើឲ្យការប្រយុទ្ធ ជីវភាព និងសុខភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ព្រមជាមួយនិងដៃគូសម្ព័ន្ធមេត្រីភាព បានធ្វើឲ្យអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ អាចពង្រឹងសមត្ថភាពខ្លួនបានយ៉ាងរឹងមាំ ក្នុងកិច្ចការធានាដល់បងប្អូនដែលឈរជើង តាមបណ្តាគោលដៅចំណុចខ្ពស់ នៃបណ្តោយព្រំដែន រវាងកម្ពុជា និងថៃ។ ឯកឧត្តមថ្លែងបន្តថា ក្រៅពីភារកិច្ចស្នូល អង្គភាពលេខ៨ ក៏បានដាក់ចេញផែនការ ប្រឡងប្រណាំង ដើម្បីបំផុសឲ្យកងទ័ពចូលរួមក្នុងការងារកសាងអង្គភាព កសាងប្រព័ន្ធការពារឱ្យរឹងមាំ និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅបន្ថែមដល់កងទ័ព និងគ្រួសារកងទ័ព។

បន្ថែមពីការកោតសរសើរ និងវាយតម្លៃ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ក៏បានធ្វើការផ្តាំផ្ញើ ទៅកាន់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ធ្វើយ៉ាងណាអនុវត្តឲ្យបានល្អវិន័យទូរទៅរបស់កងទ័ព គោរពច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជា សារាចរ សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវមានឆន្ទៈតស៊ូក្នុងការងារ។ ដើម្បីលើកកម្ពស់សមត្ថភាពការងារប្រកប់ដោយគុណធម៏ រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យល្អ ជាមួយនាយទាហាន ពលទាហានក្នុងអង្គភាព ពិសេសយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យ និងចូលរួមអនុវត្តនូវវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕សួនលីណា