ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ព្រោះជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍទេសចរណ៍ជាតិប្រកបដោយនិរន្តរភាព

បើទោះបីជាវិបត្តិជំងឺកូវីដ១៩មិនទាន់ត្រូវបានបញ្ចប់ក្តី ក៏រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃ ត្រូវរួមគ្នាជួយទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ព្រោះជាគន្លឹះដ៏សំខាន់មួយក្នុងការលើកស្ទួយវិស័យទេសចរណ៍ជាតិ និងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន។
ខ្លឹមសារនេះត្រូវបានលើកឡើងក្នុងពិធិបិទវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រោមការរៀបចំដោក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.)។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក.គ.អ.អ. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប។
អង្គវេទិកាទាំងមូល ដែលមានក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធនិង វិស័យឯកជន បានប្ដេជ្ញារួមគ្នាជួយទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ឲ្យមានរីកចម្រើនកាន់តែប្រសើរឡើង។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន ក.គ.អ.អ. បានលើកឡើងអំពីលទ្ធផលក្នុងវេទិកាជាតិនេះថា អង្គវេទិកាបានពិភាក្សា និងបានលើកឡើងអំពីកង្វល់នៃផលប៉ះពាល់នៃការថយចុះបរិមាណផ្ទៃដីនៃតំបន់ការពារធម្មជាតិមួយចំនួន ដែលអាចនឹងប៉ះពាល់ទៅដល់ទេសភាពតំបន់អេកូទេសចរណ៍ ព្រមជាមួយការរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍ដោយពុំបានឆ្លងកាត់ការទំនាក់ទំនង និងប្រើប្រាស់សេវារបស់សហគមន៍ឲ្យបានច្រើន ដូចជាករណីនៅតំបន់ខ្នងផ្សារ និងសហគមន៍ជីផាត និងអារ៉ែង។
ឯកឧត្តមថោង ខុន បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈនៃវិបិត្តកូវីដ ១៩ ការបំផុសចលនាទេសចរណ៍ផ្ទៃក្នុងជាការចាំបាច់បំផុត ដែលកិច្ចការងារនេះ គឺជាការជំរុញឲ្យមានការចរាចរណ៍សាច់ប្រាក់ចូលដល់សហគមន៍ តាមរយៈការដើរកម្សាន្តរបស់អ្នកទេសចរជាតិ។
ប៉ុន្តែបើទោះជាយ៉ាងនេះក្តីឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានជំរុញដល់ សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ ត្រូវខិតខំធ្វើយ៉ាងណាពង្រឹងសាមគ្គីផ្ទៃក្នុង ពង្រឹងការគ្រប់គ្រងតំបន់ទេសចរណ៍ទាំងនោះប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕