កំពង់ឆ្នាំង៖ នារសៀលព្រហស្បតិ៍ ១៥កើត ពេញបូណ៌មី ខែ
មាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវ នឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញិការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្ត ព្រះធម្មបោលោ កែវ មុនី ព្រះធម្មធរគណខេត្ត ឯកឧត្តម ផាន់ ចាន់ដារ៉ា សមាជិកក្រុម
ប្រឹក្សាខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សា ខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចូលរួមផងដែរ។
ក្នុងពិធីនោះ មានបួងសួង ដង្ហែរប្រទក្សិណ ជុំវិញព្រះវិហារចំនួន៣ជុំ និងពិធីជាច្រើនទៀត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជាពិសេសសូមឱ្យសង្គមជាតិមានសុខសន្តិភាព ជាដ៏រាបរៀងទៅ។ សូមបញ្ជាក់ថាៈ ការ ប្រារព្ធ ពិធី បុណ្យមាឃបូជានេះ គឺតាម គន្លង ពុទ្ធប្បវេណី និង រលឹក ដល់ព្រឹត្តិការណ៍ សំខាន់ៗបីយ៉ាង៖
ទី.១ រំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត ព្រះអរហន្ត ១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបុណ្ណមី ក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល ពុទ្ធសាវ័ក ដែល និមន្ត ចូលរួម ចតុរង្គសន្និបាត គ្មាន ការណាត់ជាមុនឡើយ។
ទី.២ រំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាអម្ចាស់ប្រកាសដាក់ព្រះ
ជន្មាយុសង្ខារចំពោះមុខមារប្រព្រឹត្តទៅនាថ្ងៃពេញបុណ្ណមី ខែ
មាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀតនៅមុនពុទ្ធសករាជ
៣ខែសម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។
ទី.៣ រំលឹក ដល់ ព្រះសព្វញ្ញុតញ្ញាណ សំដែង ព្រះឱវាទ បាតិ
មោក្ខ ដែល ខ្លឹមសារ ក្នុង ឱវាទមោក្ខ បំព្រួញ ឱ្យ ខ្លី គឺ” សព្វបាបស្ស អករណំ កុលស្សូ បសម្បទា សចិត្តបរិយោទស្សនំ មាន
ន័យថាកិរិយាមិនធ្វើនូវអំពើបាបទាំងពួង កិរិយាបំពេញ តែបុណ្យ កុសល និង ជម្រះ ចិត្ត ឱ្យ ស្អាត ផូរផង់ “។
ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសន្តិភាពដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យមាឃបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តលើទឹកដីកម្ពុជានិងត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩កុំឱ្យកើតក្នុងគ្រួសារ និងសហគមន៍ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ សុខ គឹមសៀន