ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) ដែលជាអ្នករៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ បាននិងកំពុងដឹកនាំសិក្ខាកាមដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រតិបត្តិករទេសចរណ៍ប្រជាសហគមន៍ និងភាគីពាក់ព័ន្ធសរុបជិត ៣០០ នាក់ ទៅទស្សនកិច្ចនៅតាមសហគមន៍ល្បីៗចំនួន៦នៅខេត្តសៀមរាប ក្នុងថ្ងៃទី២៨ ខែមករានេះ។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី២៨ខែមករាឆ្នាំ២០២១នេះថា សហគមន៍ដែលក្រុមការងារត្រៀមនាំសិក្ខាកាមទៅទស្សនកិច្ចទាំង ៦ នោះ រួមមាន៖ សហគមន៍បាគងភូមិខ្ញុំ ស្ថិតក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង។សហគមន៍ភ្នំគូលែន ស្ថិតក្នុងភូមិគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ។សហគមន៍វប្បធម៌ធម្មជាតិទឹកជប់ខ្នារពោធិ៍ ស្ថិតក្នុងភូមិជប់ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម។សហគមន៍បឹងឈូកបន្ទាយស្រី ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី។ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតក្នុងភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។សហគមន៍ភូមិដ្ឋានធម្មជាតិរុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។លោក ជុក ជំនោរ បានឱ្យដឹងថា គោលបំណងនៃការរៀបចំដំណើរទស្សនកិច្ចទៅកាន់សហគមន៍ទាំងនេះ គឺដើម្បឆ្លុះបញ្ចាំងអំពីអ្វីដែលបានពិភាក្សាគ្នានៅក្នុងវេទិកានាថ្ងៃទីមួយ ខណៈថ្ងៃទីមួយនេះមានការចែករំលែកនូវបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងសហគមន៍ ក៏ដូចជាបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងសហគមន៍នីមួយៗ។ ម្យ៉ាងទៀត ក្នុងដំណើរទស្សនកិច្ចនេះក៏ដើម្បីដឹងថាការគ្រប់គ្រងរបស់សហគមន៍ទាំង ៦ នោះមានលក្ខណៈពិសេស និងសក្ដានុពលខុសប្លែកគ្នាអ្វីខ្លះ។ប្រធាននាយកដ្ឋានរូបនេះបានបន្ថែមទៀតថា បន្ទាប់ពីទទួលបាននូវព័ត៌មាន ឬរកឃើញនូវបញ្ហាណាមួយ នៅពេលត្រលប់មកវិញ គេនឹងយកបញ្ហាទាំងនោះលើកឡើងដោយផ្ទាល់នៅក្នុងពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី២ ដើម្បីអោយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលដឹកនាំកិច្ចពិភាក្សាក្នុងពេលបិទវេទិកានេះ មានដំណោះស្រាយភ្លាមៗ ប៉ុន្តែប្រសិនបើមានបញ្ហាណាដែលមិនអាចដោះស្រាយភ្លាមៗបានទេ ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងពិគ្រោះគ្នាដោះស្រាយនៅពេលក្រោយបន្តទៀត។សូមជម្រាបថា វេទិកាជាតិអេកូទេសចរណ៍លើកទី២ បាននិងកំពុងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប៕