កំពត ÷អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារបានក្រើនរំឭកដល់មន្ត្រីពន្ធនាគារទាំងអស់ ឲ្យគោរពបទបញ្ជាផ្ទៃក្នុង ប្រកាន់ភ្ជាប់នូវវិន័យហ្មត់ចត់ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ទន់ភ្លន់តែម៉ឹងម៉ាត់ បង្កើនសមត្ថភាព ចំណេះជំនាញ និងបច្ចេកទេសឲ្យកាន់តែប្រសើរ។
ថ្លែងក្នុងពិធីប្រកាសមុខតំណែងបំពាក់ឋានន្តរស័កនិងគ្រឿងឥស្សរយយសជូនមន្ត្រីពន្ធនាគារខេត្តកំពតព្រឹកថ្ងៃទី២៩ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមអគ្គានុរក្សឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍ថា ឋានន្តរស័ក ជាកិត្តិយសស្ដែងចេញពីលទ្ធផល នៃការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយគុណសម្បត្តិរបស់មន្ត្រីពន្ធនាគារ ទាំងអស់ ដែលស័ក្កិសមទទួលបានទំនុកចិត្តពីថ្នាក់ដឹកនាំប្រគល់ភារកិច្ចក្នុងមុខតំណែងថ្មីនេះ។ ដូច្នេះមន្ត្រីពន្ធនាគារទាំងអស់ ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងប្រកាន់ឲ្យខ្ជាប់ខ្ជួននូវវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈប្រកបដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់ និងរក្សាសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ បង្កើនសមត្ថភាព បច្ចេកទេស ចំណេះជំនាញ ឲ្យកាន់តែប្រសើរថែមទៀត ស្របតាមបំណងប្រាថ្នា របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធនាគារ ដែលមានទំនុកចិត្តផ្ដល់ជូនឋានន្តរស័ក្កិ និងត្រូវយកតួនាទីនេះ ទៅបំពេញភារកិច្ចឱ្យបានល្អថែមទៀត ដើម្បីរួមគ្នាបម្រើផលប្រយោជន៍អង្គភាព និងសាធារណជនទូទៅ។
ឯកឧត្តមសេង សេរីបុត្រ អភិបាលរងខេត្ត បានសម្ដែងការកោតសរសើរ វាយតំលៃខ្ពស់ចំពោះលទ្ធផល ស្នាដៃ ការងារដែលអង្គភាពពន្ធនាគារខេត្តកំពតបានយកចិត្តទុកដាក់រួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងារគ្រប់គ្រងជនជាប់ឃុំ ធានាឲ្យមាននូវសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ ពិសេសការងារអប់រំស្ដារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខជំនាញជូនដល់ជនជាប់ឃុំ មានលក្ខណៈល្អប្រសើរ។
យោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសស្ដីពីការផ្តល់ជូនគ្រឿងឥស្សរិយយសការពារជាតិ ដំឡើងឋានន្តរសក្កិ និងប្រកាសតែងតាំងមុខតំណែងដល់មន្ត្រី បានបំពាក់ឋានន្តរសក្កិ និងប្រគល់ប្រកាសតែងតាំងមុខតំណែង ជូនមន្ត្រីសរុបចំនួន២២ រូប និងបំពាក់មេដាយការពារជាតិជូនមន្ត្រី សរុបចំនួន១១ រូប ៕