ត្បូងឃ្មុំ : ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា អមដំណើរ ដោយ គណៈប្រតិភូ បានអញ្ជើញចូលរួមប្រជុំ និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ កិច្ច ប្រជុំ នេះ បាន ធ្វើ ឡើង នាព្រឹក ថ្ងៃ ទី ៣០ ខែមករា ឆ្នាំ ២០២១ នៅ សាលា ខេត្ត ត្បូងឃ្មុំ ដោយមានការ អញ្ជើញ ចូលរួមពី ឯកឧត្តម អ៊ុក សារ៉ាវុធ អគ្គសវនកររងនៃអជ្ញាធរសវនកម្មជាតិ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត ផងដែរ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា៖ គោលបំណងនៃការចុះបំពេញបេសកកម្មនាថ្ងៃនេះគឺដើម្បីក្តាប់សភាពការណ៍ទូទៅ បញ្ហាប្រឈម និងទិសដៅរបស់ខេត្តត្បូងឃ្មុំ ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលទាក់ទងការទទួលខុសត្រូវ លើវិស័យទទួលបន្ទុករួមមាន ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់គណៈកម្មការទី២ នៃរដ្ឋសភា ពិសេសស្វែងយល់ពីបញ្ហាប្រឈមនៃការរីករាលដាលជម្ងឺកូវីដ-១៩។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះខេត្តត្បូងឃ្មុំទទួលបានកំណើនសេដ្ឋកិច្ចប្រមាណជា១.២០៤លានដុល្លាអាមេរិក ទំនិញនាំចេញនាំចូលមានប្រមាណ ៤៥៥លានដុល្លា (ការនាំចេញប្រមាណ៣៥៣លានដុល្លា និងការនាំចូល ១០២លានដុល្លា)។ដូចនេះកំណើនសេដ្ឋកិច្ចមានការកើនឡើងដោយមានការចូលរួមពីវិស័យចំនួន០៣សំខាន់ៗរួមមាន វិស័យកសិកម្ម៣០.៩% ឧស្សាហកម្ម ២៦.១% និងសេវាកម្ម៤២.៩%។
ជាមួយគ្នា នោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្ត ដែលមានឯកឧត្តមបណ្ឌិតអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ជាក្បាលម៉ាសុីនដឹកនាំដ៍ខ្លាំង និងមន្ត្រីរាជការជុំវិញខេត្ត បានខិតខំប្រមូលថវិការជាតិបានយ៉ាងល្អប្រសើរក្នុងការរួមចំណែកជួយលើកស្ទួយសេដ្ឋកិច្ចជាតិអោយមានការរីកចម្រើនឡើង ក៍ដូចជាជីវភាពរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលជួបការលំបាកពីការរីករាលដាលជំងឺកូវីដ-១៩ ដែលមិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេគឺបណ្តាប្រទេសអាស៊ាន និង ពិភពលោកកំពុងជួបបញ្ហាប្រឈមប៉ះពាល់ដល់សេដ្ឋជាតិនិងអាយុជីវិត ។ ដោយឡែក ចំពោះសំណូមពររបស់ខេត្ត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងគណៈកម្មការជំនាញនៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជូនសម្តេច ប្រធានរដ្ឋសភា ដើម្បីដាក់ជូនរាជរដ្ឋាភិបាលធ្វើការដោះស្រាយជូនផងដែរ ៕