អភិបាលខេត្ត​ត្បូងឃ្មុំ​ ផ្តួចផ្តើមរៀបចំឲ្យមានទស្សនកិច្ចសិក្សាដែលមានឈ្មោះថា <<គុណធម៍ប្រវត្តិសាស្ត្រ>>​ ទៅកាន់តំបន់ប្រវត្តិសាស្ត្រ​ ដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន​

ត្បូងឃ្មុំ​:​ ដើម្បីឲ្យសិស្សានុសិស្សជាយុវជនជំនាន់ក្រោយ ជាសសរទ្រូងប្រទេសជាតិ បានយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រពិតប្រាកដ និងដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនទាំងអស់ ដែលបានតស៊ូលះបង់បូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកសុខសន្តិភាពជូនជាតិមាតុភូមិ​ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្តួចផ្តើមរៀបចំឲ្យមានទស្សនកិច្ចសិក្សាដែលមានឈ្មោះថា <<គុណធម៍ប្រវត្តិសាស្ត្រ>> ទៅកាន់តំបន់ប្រវត្តិសាស្ត្រក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ជាទីតាំងដែលផ្តើមសន្តិភាពសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។

បើតាម​ឯកឧត្ដម​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចំពោះកម្មវិធី ដែលលោកបានផ្តួចផ្តើម និងបានដាក់ឈ្មោះបែបនេះ ក្នុងន័យអោយយុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់យ៉ាងច្បាស់ នូវប្រវត្តិតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ នៃឥស្សរជនស្នេហាជាតិ ពិសេសសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការដឹងគុណ នូវតម្លៃនៃសន្តិភាព ជាប្រវត្តិសាស្ត្រ ដោយកម្មវិធីនេះ បានចាប់ផ្តេីមកាលពីឆ្នាំ២០២០ ចំនួន ៧វគ្គ ដែលមានយុវជនចូលរួមចំនួន ២៨៤ នាក់ ដោយឡែកឆ្នាំ២០២១ នេះគ្រោងនឹងរៀបចំចំនួន១៤វគ្គ នឹងមានយុវជនចូលរួម​ ចំនួន ៧០០ នាក់ ហើយ​ឯកឧត្តមអភិបាលខេត្ត​ នឹងបន្តធ្វើជារៀងរាល់ឆ្នាំ។

ចំពោះកម្មវិធី គុណធម៍ប្រវត្តិសាស្ត្រ ក្នុងឆ្នាំ២០២១នេះ បានបន្តធ្វើឡើង ដោយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ លោក ម៉ៅ ឌុង ប្រធាន ស.ស.យ.ក ខេត្ត និងលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានអញ្ជេីញដឹកនាំយុវជនកាយរឹទ្ធិ កាកបាទក្រហម និង ស.ស.យ.ក ចំនួន ៥០ នាក់ មកពីសាលាមធ្យមសិក្សាក្នុងស្រុកក្រូចឆ្មារ ទៅសិក្សាស្វែងយល់នៅមជ្ឈមណ្ឌល ឯកសារប្រវត្តិសាស្ត្រកោះថ្ម តំបន់X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  និងស្តូបវិមាន២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ 

កម្មវិធីនេះ សហការរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រោមការផ្តួចផ្តេីមរបស់ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ គឺរៀងរាល់ចុងសប្តាហ៌ និងចុងខែនីមួយៗ ដេីម្បីអោយយុវជនក្នុងខេត្តត្បូងឃ្មុំ បានសិក្សា និងស្វែងយល់បន្ថែមអំពីប្រវត្តិនៃការផ្តួចផ្តេីមតស៊ូរបស់ឥស្សរជនឆ្នេីម និងជាថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ការលះបង់សព្វបែបយ៉ាងក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បង្រួបបង្រួមជាតិ ស្តារកសាងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលេីគ្រប់ផ្នែក គ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ​។  

កម្មវិធីទស្សនកិច្ចសិក្សានេះ ក្រោមការធ្វើបទឧទ្ទេសនាមពីលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីស្រាវជ្រាវ និងអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជា ដោយផ្តោតសំខាន់លើប្រវត្តិសាស្ត្រកម្ពុជា សម័យកម្ពុជាសាធារណៈរដ្ឋ (១៩៧០-១៩៧៥) សម័យកម្ពុជាប្រជាធិប្បតេយ្យ (១៩៧៥-១៩៧៩) រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ពិសេសដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិកម្ពុជារីកចំរើនមកដល់សព្វថ្ងៃ។​ ដោយ​ក្នុងទស្សនកិច្ចសិក្សានោះ ក្រុមយុវជនក៏បានទស្សនានូវការចាក់បញ្ចាំងខ្សែវីដេអូឯកសារចំនួន២ផងដែរ ដោយវីដេអូទី១ និយាយពីដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងទី២ វីដេអូស្តីពី រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨​ ៕