ខំប្រឹងគាស់ចំរឹងបង្អួចចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋបានសម្រេច តែមកជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងល្បាតនៃកងអន្តរាគមន៍នគរបាលខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួន ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោសដោយសារកាគាស់ទម្លុះទម្លាយ (គាស់ចំរឹងបង្អួចចូលលួចទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ០៧ ផ្លូវKS ០៣ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុក គន្ធា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ០៧ ផ្លូវKS ០៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមាន ឈ្មោះ សាន សៀម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖ ១. លិខិតឆ្លងដែន (កម្ពុជា) ចំនួន៣១ក្បាល , ២. កូនសោចំនួន៥ ,៣. ទួណឺវីសចំនួន១ . ៤. កុំព្យូទ័រម៉ាក ASUS ១ គ្រឿង , ៥. កាបូបស្ពាយពណ៌ខ្មៅ១ , ៦. ដែកជ្រុងចុងសំប៉ែតស្រួច១ , ៧. ការបូបតូចចំនួន ២ , ៨. ទូរស័ព្ទដៃម៉ាកOPPO ពណ៌ទឹកមាសចំនួន១ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទី ជនរងគ្រោះឈ្មោះ អ៊ុក គន្ធា បានបិទទ្វារផ្ទះលេខ៧ ផ្លូវ KS ០៣ បុរីពិភពថ្មីគួរស្រូវ៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ធដង្កោ រាជធានីភ្នំពេញ ហើយចាក់សោទ្វារផ្ទះត្រឹមត្រូវ រួចបានចេញទៅខេត្តតាកែវ ដើម្បីចូលរួមពិធីបុណ្យសពបងប្អូនដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៏ ។ រហូតដល់វេលាម៉ោង ១២ និង០០នាទីថ្ងៃខែឆ្នាំដដែល ជនសង្ស័យឈ្មោះ សាន សៀម ភេទប្រុស អាយុ៣៩ឆ្នាំ បានមកធ្វើសកម្មភាពគាស់ចំរឹងបង្អួចផ្ទះរបស់ជនរងគ្រោះផ្នែកខាងក្រោយ រួចលូនចូលទៅក្នុងផ្ទះលួចយកកាបូបស្ពាយពណ៌ខ្មៅចំនួន១ ហើយនៅក្នុងកាបូបនោះមាន៖ លិខិតឆ្លងដែន (កម្ពុជា) ចំនួន៣១ក្បាល និង កុំព្យូទ័រម៉ាក ASUS ១ គ្រឿង ហើយក៏បានលូនចេញមកវិញហើយផ្លោះរបងចេញមកខាងក្រៅវិញ ។ ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៏រលួសបានជិះម៉ូតូ២គ្រឿងល្បាតក្នុងភូមិសាស្រ្ត មានគ្នា៤នាក់ មកដល់ចំណុចបុរីពិភពថ្មីគួរស្រូវ៣ ខាងលើក៏បានឃើញជនសង្ស័យកំពុងផ្លោះរបងចេញពីផ្ទះជនរងគ្រោះ រួចសមត្ថកិច្ចមានការសង្ស័យ ក៏បានហៅឲ្យឈប់រួចធ្វើការត្រួតពិនិត្យឃើញមានវត្ថុតាងខាងលេី ក៏បានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធី ។

ក្រោយធ្វើការសាកសួរ ពីសមត្ថកិច្ចំនាញ ជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ(ជនសង្ស័យ)ពិតជាបានធ្វើសកម្មភាពគាស់ចំរឹងបង្អួចផ្ទះរបស់ជនរងគ្រោះលួចយកទ្រព្យសម្បត្តិប្រាកដមែន ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំបញ្ចូនទៅតុលាការ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ៕