អភិបាលខេត្តព្រះសីហនុ បង្ហាញការស្វាគមន៍វត្តមានអាហាដ្ឋាននិងអ្នកវិនិយោគជប៉ុនមកកាន់ទឹកដីខេត្តព្រះសីហនុ

កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ភោជនីយដ្ឋានជប៉ុន KO-KAI នៅក្រុងព្រះសីហនុ បានបើកសម្ពោធបើកដំណើរការវិញបន្ទាប់ពីបានផ្អាកដោយសាររងផលប៉ះពាល់នៃគ្រោះថ្នាក់រលំអគារនៅជាប់គ្នានាពេលកន្លងមក។ភោជនីយដ្ឋានជប៉ុន KO-KAI មានទីតាំងតាមបណ្តោយផ្លូវ ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។ពីធីសម្ភោធនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ និងថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពស្ថប័នមួយចំនួនបានចូលរួមអបអរសាទរផងដែរ។

ឯកឧត្តម MIKAMI MASAHIRO បានថ្លែងអំណរគុណ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានគាំទ្រនិងជួយសម្របសម្រួលចំពោះអាហាដ្ឋានជប៉ុនមួយនេះជាបន្តបន្ទាប់រហួតភោជនីយដ្ឋាន KO-KAI បានបើកដំណើរការឡើងវិញដោយរលូននាពេលនេះ។តាមរយៈភោជនីយដ្ឋានជប៉ុននៅខេត្តព្រះសីហនុ នឹងជាផ្នែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរនិងអ្នកវិនិយោគជប៉ុនមកកាន់ខេត្តព្រះសីហនុ បន្ថែមទៀតនាពេលខាងមុខ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា៖មានអាហារដ្ឋានជប៉ុននៅទីនេះ គឺអាចនាំមកនូវអ្នកវិនិយោគ និងភ្ញៀវទេសចរជប៉ុនមកកាន់ទឹកដីនៃខេត្តតំបន់ឆ្នេរដ៏មានសក្តានុពលមួយនេះជាមិនខានឡើយ។មួយវិញទៀតអាហារដ្ឋានជប៉ុននេះ នឹងអចផ្តល់ការងារមួយចំនួនជូនយុវជនកម្ពុជា និងជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុកាន់តែល្អប្រសើរផងដែរ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍យ៉ាងរីករាយចំពោះភ្ញៀវទេសចរជប៉ុន និងវិនិយោគិនជប៉ុនដែលមានបំណងចង់មកលេងឬបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ៕