សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានផ្តល់ផលវិបាកយ៉ាងធំធេងដល់ សង្គម រួមទាំងបានរំខានដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ខណៈបញ្ហានេះបានសម្លាប់មនុស្សក្នុងមួយថ្ងៃៗរហូតជិតប្រាំនាក់នោះ។
ថ្លែងនៅក្នុងពិធីអញ្ជើញចូលរួមទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ថ្វីត្បិតតែអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០២០កន្លងទៅមានការធ្លាក់ចុះជាងឆ្នាំ២០១៩ក្តី ប៉ុន្តែតួលេខនេះគឺវាស្ថិតនៅក្នុងកម្រិតខ្ពស់ដដែល។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា«គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្កផលវិបាកជាច្រើនដល់សង្គម និងប្រជាពលរដ្ឋ ហើយវាបានបង្កផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ គ្រោះថ្នាក់នេះ នឹងបន្តអូសបន្លាយរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់ប្រសិនបើគ្មានការចូលរួម គោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ ដូចជាការបញ្ជាយានយន្តដោយរំលោភបំពានច្បាប់ណ ឬដោយធ្វេសប្រហែសមិនគោរពស្រលាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ឬកង្វាស់វិធាន ការបង្ការទប់ស្កាត់គ្រោះថ្នាក់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពនោះ»។
យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ដើម្បីរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ឲ្យស្ថិតនៅកម្រិតទាបបន្ថែមទៀតនោះ ត្រូវរួមគ្នាបង្កើនវិធានការរឹតបន្តឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកតាមទិសដៅការងារ របស់គណៈកម្មាធិការជាតិឲ្យបានម៉ឺងម៉ាត់បំផុត ប្រកបដោយតម្លាភាព និងស្មើភា។ បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ ដល់គ្រប់វេទិកា និងគ្រប់មូលដ្ឋាន។ ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់ជាដើម។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវមេត្តាចូលរួមបន្ថែមទៀត ក្នុងការគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីការពារអាយុជីវិតខ្លួនឯងផង និងអ្នកដទៃផង ហើយក៏ដើម្បីសុខដុមរមនាក្នុងគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូ របស់ប្រទេសជាតិទាំងមូលផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន២៣ភាគរយបើប្រៀបធៀបជាមួយឆ្នាំទៅ ដោយក្នុងឆ្នាំ២០២០នេះមានចំនួន៣.១៧៩លើក ខណៈឆ្នាំ២០១៩មានចំនួន៤.១២១លើកនោះ។ តួលេខបានបង្ហាញថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០២០នេះ គឺមានចំនួន១៦៤៦នាក់ ធ្លាក់ចុះជាងឆ្នាំ២០១៩កន្លងទៅចំនួន៣៣៥នាក់ ដោយក្នុងឆ្នាំ២០១៩គឺមានចំនួន១.៩៨១នាក់ ខណៈអ្នករងរបួសធ្ងន់ស្រាលរហូតដល់១.៤៥៥នាក់នោះ។