ផ្លូវចំនួន៣៤ខ្សែនៅខេត្តព្រះសីហនុ គ្រោងរួចរាល់ទាំងអស់នៅចុងខែមីនាឆ្នាំ២០២១

បច្ចុប្បន្នក្រុមហ៊ុនម៉ៅការទាំងអស់កំពុងពន្លឿនសកម្មភាពការងាររបស់ខ្លួនតាមផ្នែកនីមួយៗ។រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់ក្រុមហ៊ុនកសាងផ្លូវ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ។
ទន្ទឹមនឹងការត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ការសាងសង់បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្ម ការអ៊ុតបេទីម ការបំពាក់អំពូលបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូរចរាចរណ៍ បំពាក់ភ្លើងចរាចរណ៍ នៅលើដងផ្លូវជាដើមក៏កំពុងពន្លឿនការរបស់ខ្លួនផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ២០២១។