បន្ទាយមានជ័យ: កាលពីម៉ោង៣ រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចខាងត្បូង ភូមិបឹងស្នោ ឃុំស្រក្រាម ស្រុកស្វាយចេក យុវជន៣នាក់ បានរងរបួសដាច់ជើង និងខ្វាក់ភ្នែក ខណៈពេលដែលពួកគេ បានបើកគោយន្តកន្ត្រៃ កិនគ្រាប់មីន ដែលកប់ក្នុងដី បណ្ដាលឲ្យផ្ទុះកក្រើកដី បង្កឲ្យភ្ញាក់ផ្អើលមនុស្សពេញភូមិ ។
ប្រភពមន្ត្រីយោធាការពារព្រំដែន បានឲ្យដឹងថា ជនរងគ្រោះ ទាំង៣នាក់នេះ ទី១-ឈ្មោះ សាន សម្បត្តិ ( ហៅញ៉)អាយុ២២ឆ្នាំនៅភូមិ យាង ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រងរបួសបាក់ជើងម្ខាង និងខ្វាក់ភ្នែក និងទី២-ឈ្មោះ ប៉ាន សំណាង អាយុ២៩ឆ្នាំ រស់នៅភូមិយាង ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រងរបួសបាក់ដៃស្ដាំ និងខ្នង និងទី៣ឈ្មោះម៉ៅ មេ៉អាយុ២៩ឆ្នាំរស់នៅភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ របួសបាក់ជើងទាំងពី ឯរឺម៉កគោយន្តដាច់ជា២កំណាត់។
ហើយការផ្ទុះនេះ ខណ:ពួកគេទាំង២នាក់ ជិះគោយន្តកន្ត្រៃ ទៅដឹកទឹកយកមកប្រើប្រាស់ ក៏ជួបនៅឧប្បត្តិហេតុ ជាយថាហេតុនេះតែម្តង។ ប្រភពដដែល បានឲ្យដឹងថា គ្រាប់មីនដែលផ្ទុះនេះ ជាប្រភេទមីនតោន បន្សល់ទុកពីសម័យសង្គ្រាម។ ក្រោយពីកើតហេតុភ្លាម សមត្ថកិច្ចបានទៅដល់ ហើយបានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ៕ដោយ:ឃិន គន្ធា