អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីការលើកកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន

ក្នុងឱកាសនោះ លោកជំទាវ ឡុង សុផល្លី បានណែនាំដល់គ្រូបង្គោលដែលជាឈាមថ្មី ឲ្យចូលរួមបំពេញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យទទួលបានជោគជ័យ។ លោកជំទាវ ឡុ ង សុផល្លី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី មានប្រសាសន៍បែបនេះក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីការលើកកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសណ្ឋាគារកំពតថ្មី ខេត្តកំពត។

លោកឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា គ្រូបង្គោលជាស្រ្តីគឺមានឥទ្ធិពលណាស់ចំពោះក្រុមគ្រួសារ និងសហគមន៍អាចជួយក្រុមគ្រួសារ និងសហគមន៍ឲ្យចៀសចាកឆ្ងាយពីបញ្ហាគ្រឿងញៀន ព្រោះថាពាក្យទូន្មានប្រៀនប្រដៅរបស់ម្តាយ ជីដូន បងស្រី ទៅកាន់កូន ចៅ ប្អូន ពិតជាមានប្រសិទ្ធភាពណាស់។

លោកជំទាវ ឡុង សុផល្លី បានមានប្រសាសន៍ថា គ្រូបង្គោលទាំងអស់ត្រូវធ្វើការផ្លាស់ប្តូរផ្នត់គំនិតដែលថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជារឿងរបស់សមត្ថកិច្ច អាជ្ញាធរ ឬក្រុមណាមួយផ្តាច់មុខ លោកជំទាវក៏បានបញ្ជាក់ថា មិនមែនដូច្នេះទេ សូមចូលរួមទាំងអស់គ្នាឲ្យបានកាន់តែសកម្មក្នុងការជួយដោះស្រាយបញ្ហាគ្រឿងញៀនដើម្បីកាត់បន្ថយបាននូវបញ្ហានានានៅក្នុងសហគមន៍ និងមូលដ្ឋាន។

លើសពីនេះទៀត លោក ជំទាវ ឡុង សុផល្លី ក៏បានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មាធិកាត្រួតពិនិត្យគ្រឿងញៀនរាជធានី -ខេត្តទាំង១១ ដែលបានផ្តល់កិច្ចសហការបង្កលក្ខណ:ងាយស្រួលដល់វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន ឲ្យដំណើរការទៅបានដោយរលូន និងទទួលបានជោគជ័យ៕