ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើជំពូកទី៤ នៃសេចក្ដីព្រាងច្បាប់ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា

នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ យើងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា នៅលើមាត្រា១៤ នៃជំពូកទី០៤ជាបន្តទៀត ដោយកាលពីកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១កន្លងទៅ អង្គប្រជុំបានពិនិត្យ និងពិភាក្សា ដល់មាត្រា១៣ នៃជំពូកទី៣រួចហើយ។

នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនាពេលនេះ អង្គប្រជុំទាំងមូលបានធ្វើការបកស្រាយ និងលើកយកទឡ្ហីករណ៍នានាយកមកពិភាក្សា និងពិគ្រោះយោបល់ដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងន័យដើម្បីធ្វើឱ្យការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនេះឲ្យកាន់តែមានភាពល្អប្រសើរ។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជានេះ មានជំពូកចំនួន៩ និងមាត្រាចំនួន៥០ និងមានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេសដែលចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូបដែលចូល ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្ដរជាតិដែល ព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅមុនពេលដែលច្បាប់ នេះចូលជាធរមានហើយក៏ដោយ។

សូមបញ្ជាក់ថា មុនពេលក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជានេះ ក្រសួងមហាផ្ទៃ បានប្រជុំផ្ទៃក្នុងជាច្រើនលើកកន្លងរួចមកហើយដែរ ទើបក្រសួងឈានដល់ការបើកកិច្ចប្រជុំអន្ដរក្រសួងជាមួយស្ថាប័ន្ធពាក់ព័ន្ធ ដើម្បីស្រង ក៏ដូចជាប្រមូលយកធាតុចូលពាក់ព័ន្ធនានាពីតំណាងក្រសួង ស្ថាប័ន្ធដែលពាក់ព័ន្ធ ខណៈកិច្ចប្រជុំនាពេលនេះ គឺជាកិច្ចប្រជុំអន្ដរក្រសួងលើកទី៦ ហើយពិភាក្សាបន្តនៅលើជំពូកទី៤នៃសេចក្តីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជានេះ៕