(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានប្រគល់ផ្ទះចំនួន ៣ខ្នង មានទំហំ 4m x 6m និងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ ដែលមានទីតាំងបីផ្សេងគ្នា ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងពិធីប្រគល់ផ្ទះនោះដែរ ឯកឧត្តម សុខ លូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយដល់ពុកម៉ែបងប្អូនជានិច្ចមិនដែលខកខាននោះទេ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារ ដោយមិនមានអាជ្ញាធរបានដឹង ទីណាមានទុក្ខលំបាកទីនោះតែងតែមានមន្ត្រីកាកបាទក្រហមចុះជួយជានិច្ច។
លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណ ដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន និងសប្បុរសជននានា ដែលបានជួយជ្រោមជ្រែងផ្តល់អំណោយកាកបាទក្រហម សម្រាប់យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនាពេលកន្លងមក។
ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ ក៏បានជំរុញដល់ប្រធានអនុសាខាកាកបាទក្រហមស្រុក សូមខិតខំស្វែងរកអំណោយមនុស្សធម៌ នឹងបន្តចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន ១គ្រួសារ ឬ២គ្រួសារ ឱ្យបានទាន់ពេលវេលា។
ចុងក្រោយ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ សូមរក្សាអនាម័យឱ្យបានជាប់ជានិច្ច រស់នៅតាមបែបគន្លងថ្មី ដោយរក្សាគម្លាតសុវត្ថិភាព មិនត្រូវមានការជួបជុំនោះទេ ដើម្បីចូលរួមគ្នាទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ។ ម្យ៉ាងវិញទៀតសូមពុកម៉ែជួយអប់រំកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា រាល់ការបើកបរម៉ូតូ ត្រូវពាក់មួក សុវត្ថិភាព ទាំងអ្នកបើកបរនិងអ្នករួមដំណើរ បេីក បរ រថយន្ត ត្រូវពាក់ ខ្សែ ក្រវាត់ សូមចូលរួមគោរ ពចរាចរណ៍ ទាំងអស់គ្នា ។