លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៏ថា ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសជិតខាងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩

0

ខេត្តព្រះសីហនុ៖. លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនារសៀល ថ្ងៃទី ០៣ ខែ គុម្ភៈ ឆ្នាំ ២០២១នេះ បានដឹកនាំប្រជុំត្រៀមបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ទាំង២៩ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពទាំង១៦ ក្នុងខេត្តព្រះសីហនុ ។
.លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយសារ រយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ បានផ្ទះក្នុងសហគមន៍នៅប្រទេសជិតខាងរបស់យើងវាក៏អាចគំរាមកំហែង ដល់ប្រទេសកម្ពុជាផងដែរ។យើងមានពលកររាប់ម៉ឺននាក់ដែរធ្វើការនៅប្រទេសថៃហើយមានពលករមួយចំនួនបានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ។
លោក អភិបាលបានបន្តថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានប្រើប្រាស់កម្លាំងសរុប ក្នុងការគ្រប់គ្រងធ្វើចក្តាឡីស័ក នៅតាមព្រំដែន និងបានធ្វើការ ដឹកជញ្ជូនពលកររបស់យើងមកកាន់ក្រុងស្រុកវិញប្រកបដោយជោគជ័យដោយមិនមានការឆ្លងចូលក្នុងសហគមន៍នោះទេ ។ រាជរដ្ឋាភិបាលមានការព្រួយបារម្មណ៍នៃការវិលត្រឡប់មកពីប្រទេសថៃ របស់ពលកររបស់យើង បានដាក់ចេញនូវវិធានការគ្រប់គ្រងទទួលបានជោគជ័យដូច្នេះយើងត្រូវបន្តការគ្រប់គ្រងអ្នកដែលចូលមកតាមច្រករបៀងដោយខុសច្បាប់ ។ ហើយថ្ងៃនេះយើងធ្វើការជួបជុំប្រមូលផ្តុំគ្នា ព្រមទាំងស្នើសុំមេឃុំ ចៅសង្កាត់ ត្រូវយក ចិត្តទុកដាក់ត្រួតពិនិត្យប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសជិតខាងបំផុសប្រជាពលរដ្ឋបើមានក្រុមគ្រួសារ ណាមកពីប្រទេសថៃ សូមរាយការណ៍មកមេភូមិ ឃុំ សង្កាត់ ដើម្បីយកពួកគាត់ធ្វើចក្តាឡីស័ករយ:ពេល ១៤ថ្ងៃ ហើយត្រូវយកប្រជាពលរដ្ឋជាភ្នែកច្រមុះដើម្បីយើងប្រមូលព័ត៌មាននៅក្នុងមូលដ្ឋាន។ម្យ៉ាងទៀតមណ្ឌលសុខភាពចូលរួមសហការជាមួយអាជ្ញាធរ ឃុំសង្កាត់ព្រោះមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពពួកគាត់បានបណ្តុះ បណ្តាលក្នុងការយកសំណាកជំងឺកូវីដ-១៩ ។
លោក គួច ចំរើន បានណែនាំមេឃុំ ចៅសង្កាត់បង្កើនស្មារតីទទួលខុសត្រូវប្រមូល ព័ត៌មានឱ្យបានជាប់ ជាប្រចាំ ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងសហគមន៍ ។ព្រមទាំងឱ្យមណ្ឌលសុខភាពនិងមន្ទីរ ពេទ្យបង្អែកធ្វើរបាយការណ៍ទីតាំងរបស់ខ្លួន ក្នុងការរៀបចំធ្វើរបង ដើម្បីការពារសុវត្ថិភាពមន្ត្រីរបស់យើងនៅតាម មណ្ឌលសុខភាពនីមួយៗ ។
ក្នុងឱកាសនោះ លោក គួច ចំរើន បានផ្តល់ថវិកាដល់អភិបាលក្រុង ស្រុកទាំង៥ ក្នុងមួយក្រុង ស្រុកនូវថវិកា ១០លានរៀល មន្ទីរសុខាភិបាលខេត្ត ១០លានរៀល មន្ទីរពេទ្យបង្អែកខេត្ត ១០លានរៀល មណ្ឌលសុខភាព១៦ ក្នុងមួយមណ្ឌល ៥លានរៀល សាលាឃុំ-សង្កាត់ ២៩ ក្នុងមួយឃុំ-សង្កាត់ ៥លានរៀល ៕
នាគសមុទ្រ