រតនគិរី : ស្របពេលដែលប្រទេសជិតខាងកំពុងមានករណីផ្ទុះនូវការចម្លងរីករៀលដាលជំងឺកូវីដ-១៩នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយទទួលបានបទបញ្ជាពីឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លន់ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចុះជួបប្រជុំជាមួយកម្លាំងជំនាញពាក់ព័ន្ធប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ក្នុងគោលបំណង ពង្រឹងនូវវិធានការនៅតាមព្រំដែន ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩។ ក្នុងឱកាសនេះ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលប្រចាំការនៅតាមច្រកទ្វារ ត្រូវខិតខំបន្ថែមទៀតនូវការរឹតបន្តឹងបន្ថែមទៀតអោយបានហ្មត់ចត់នូវវិធានការ របស់ក្រសួងសុខាភិបាលកន្លងមក នឹងកែលម្អរចំណុចខ្វះខាតទាំងឡាយណាដែលមាន សំដៅទប់ស្កាត់ឲ្យបាន កុំឲ្យមានការចម្លងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមករាល់ករណីដែលកើតឡើង ដើម្បីសហការគ្នាបានល្អប្រសើរ ជាពិសេសអាជ្ញាធរត្រូវអប់រំប្រជាពលរដ្ឋនៅតាមបណ្តាព្រំដែនត្រូវប្រុងប្រយ័ត្នក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ។