សៀមរាប៖ លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២១នេះថា នៅវេលារសៀលថ្ងៃទី០៣ កុម្ភៈ មានករណីភ្លើងឆេះព្រៃ បណ្តាលឲ្យឆេះចម្ការពូជឈើធ្នុងអស់ទំហំប្រមាណជា២០ហិកតា។
លោកម៉ែន វុទ្ធី បន្តថា បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើសហការជាមួយនាយរងផ្នែករដ្ឋបាលព្រៃឈើជីក្រែង និងអធិការដ្ឋាននគរបាលស្រុកស្វាយលើ ខេត្តសៀមរាប បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងបានចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះក្នុងចម្ការពូជឈើធ្នង់មានទីតាំងស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន៣រថយន្តទើបគ្រប់គ្រងភ្លើងបាននៅវេលាម៉ោង១៩និង៣០នាទី ។
លោកបានបញ្ជាក់ថា មូលហេតុនៃការឆេះចម្ការពូជឈើធ្នុងនេះ សមត្ថកិច្ចសង្ស័យមានអ្នកលួចដុត។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាព្រៃឈើទាំងអស់គ្នាកុំដុត កាប់បំផ្លាញព្រៃ៕