ភ្នំពេញ៖ រថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រីមួយគ្រឿង បើកលឿនដូចហោះ បានរេចង្កូតឡើងលើខឿន ទៅបុករះម៉ូតូរ៉ឺម៉ក និងអ្នកថ្មើរជើងទម្លុះចូលឃ្លាំង បណ្ដាលឱ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា អ្នកថ្មើរជើងទី១ មានឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិចន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែង។ ចំណែក អ្នកថ្មើរជើងទី២ មានឈ្មោះ ស៊ាង ពន្លឺ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិរាំងដែក ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសធ្ងន់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្ដម៉ាក DAEWOO ពណ៌លឿង គ្មានស្លាកលេខ របស់ក្រុមហ៊ុនស៊ិនទ្រី បើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានរេចង្កូតឡើងលើខឿនផ្លូវ ទៅបុករះម៉ូតូរ៉ឺម៉ក និងមនុស្សពីរនាក់ ទម្លុះចូលឃ្លាំងអូសប្រហែល៣០ម៉ែត្រ បណ្ដាលឱ្យអ្នកថ្មើរជើងម្នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗតែម្តង។ រីឯរថយន្តរងការខូចខាតបន្តិចបន្តួច ហើយម៉ូតូរ៉ឺម៉ករងការខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើកបររថយន្ដ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរ៉ឺម៉ករងគ្រោះយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯសាកសពធ្វើកំណត់ហេតុរួចប្រគល់ទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕