ភ្នំពេញ ៖ យុវជនប្រុសស្រី២នាក់ឌុបគ្នាចេញពីធ្វើការហេីយឈាងចូលហូបអីបន្តិច រួចបន្តដំណើរជិះម៉ូតូចេញទៅផ្ទះវិញស្រាប់តែលេចមុខបុរសម្នាក់ដែលគេស្គាល់ជាមន្រ្តីនគបាលជិះម៉ូតូដេញពីក្រោយមកធាក់ទៅលើជនរងគ្រោះរួចដកកាំភ្លើងខ្លីគំរាមបាញ់បណ្ដាលផ្អើលដល់សមត្ថកិច្ចខណ្ឌពោធិសែនជ័យចុះមកឃាត់ខ្លួន កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃពុធទី៣ ខែកុម្ភះ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង កែងនិងផ្លូវវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៍មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកនិច្ចមួយគ្រឿងមិនចាំស្លាកលេខបានឌុបគ្នាចេញពីធ្វើការនៅម្តុំសួនការណាឌីយ៉ារួចចូលហូបអីនៅផ្លូវជិតវត្តអង្គតាមិញពេលហូបរួច ហើយបាននាំគ្នាជិះចេញមកវិញគោលបំណងត្រឡប់ទៅផ្ទះវិញនៅផ្សាព្រៃទា ខណៈមកដល់ចំណុចកើតហេតុជិតស្តុបទួលពង្រ
ក៏ត្រូវបុរសម្នាក់ដែលគេស្គាល់ថាជាមន្រ្តីនគរបាលជិះម៉ូតូម៉ាកPCXពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល1.2345មកពីក្រោយមិនដឹងខឹងរឿងអ៊ីរួចធាក់ទៅលើជនរងគ្រោះនិងបានដកកាំភ្លើងគំរាម ហើយជនរងគ្រោះយុវជនម្នាក់ភ័យស្លន់ស្លោជិះម៉ូតូរត់ចោលនារីរងគ្រោះ ហើយនាង ក បានរាយការទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនបង្កខាងលេីនាំខ្លួនទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ដើម្បីធ្វេីការសាកសួរ។
ក្រោយពីសមត្ថកិច្ចធ្វេីការសាកសួរបុរសបង្កហេតុខាងលេីរួចរាល់ ហេីយជនរងគ្រោះសុំមិនដាក់ពាក្យបណ្តឹងផងដែរនោះ ក៏សមត្ថកិច្ចធ្វើកំណត់ហេតុមួយកុំឲ្យមានការគុំគួនគ្នាទៀតរួចក៏ឲ្យត្រលប់ទៅផ្ទះរៀងៗខ្លួន៕