(មានវីដេអូ )ព្រៃឈើកំពុងតែវិនាសហិនហោច ដោយសារតែឡដុតខ្យូង១២៧ឡរនៅស្រុកសន្ទុក  ខេត្តកំពង់ធំ មិនខានបើជំនាញមិនអើពើ 

0

ខេត្តកំពង់ធំ៖ ឡដុតខ្យូងចំនួន១២៧ឡ ត្រូវបានដុតខ្យូងក្នុងមួយថ្ងៃបំផ្លាញព្រៃឈើរាប់រយម៉ែត្រគូប គឺជាបញ្ហាមួយ ដែលបណ្តាលឲ្យមានការព្រួយបារម្ភណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ខណៈពេលដែលឃើញសកម្មភាព ដុតខ្យូង នៅក្នុងភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បានបំផ្លាញព្រៃឈើយ៉ាងរង្គាល និងប្រឈមនិង ការរលាយហិនហោចជាមិនខាន បើកាលណាពុំមានវិធានការការពារទប់ស្កាត់ជាបន្ទាន់។

 

 

គនរឈើគរដូចភ្នំ និងត្រូវបានអ្នកដឹកឈើអុស ទំលាយថា ខ្លួនបានទៅកាប់ចេញពីព្រៃសហគមន៍នានា ជាពិសេសព្រៃសហគមន៍ដំណាក់ក្រសែង ស្ថិតនៅឃុំស្រើង ស្រុកប្រាសាទសំបូរ​ខេត្តកំពង់ធំ  ក្រោមដែនសមត្ថកិច្ចលោក ហាក់ សុធី នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកប្រាសាទសំបូរ និងអុសមួយចំនួនគេដឹកឡានមកពីខេត្តព្រះវិហារ យកមកលក់ឲ្យម្ចាស់អជីវកម្មអត់ច្បាប់ ដុតខ្យូងនេះតែម្តង ។

ជាក់ស្តែងនៅរសៀលថ្ងៃទី ៤ ខែកុម្ភះ ឆ្នាំ ២០២១ លោក សាយ វាសនា ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូង ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំង ដែលមានឡដុតខ្យូងសរុប១២៧ ក្នុងភូមិចុងដា ឃុំត្បូងក្រពើ និងជាសកម្មភាពទ្រង់ទ្រាយធំ ក្នុងគោលដៅបំផ្លាញព្រៃឈើយ៉ាងឆាប់រហ័ស ស្របពេលដែលគំនរឈើគរដូចភ្នំ ត្រៀមដាក់បញ្ជូលឡ រួមទាំងខ្យូងដែលផលិតបានហើយរាប់រយការ៉ុង ត្រៀមដឹកជញ្ជូនលក់ឲ្យឈ្មួញ ដែលមកពីតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ដើម្បីយកទៅលក់បន្ត។

ប្រជាពលរដ្ឋ ដែលមានមុខរបរដុតខ្យូងបានឲ្យដឹងថា ឡដុតខ្យូងនៅទីនេះ មានសរុបចំនួន១២៧ឡ ហើយបាននាំគ្នាប្រកបមុខរបរនេះមកយូរហើយ ដោយសារតែប្រជាពលរដ្ឋនៅទីនេះ ពុំមានមុខរបរអ្វីផ្សេងៗពីដុតខ្យូងនេះ ដែលជាមុខរបរកាក់កប អាចរកលុយបានងាយ ចំនែកឈើព្រៃដែលទិញមកសម្រាប់ដុតខ្យូង ក្នុងមួយម៉ែត្រគូប ៤០០០០រៀល ចំនែកអុសចំបក់ ៨០០០០រៀល ក្នុងមួយឡដុតខ្យូង អាចដាក់អុសបាន២០ ទៅ២៥ម៉ែត្រគូប រយះពេលដុត២៥ទៅ៣០ថ្ងៃ និងលក់ចេញឲ្យឈ្មួញកណ្តាលក្នុងមួយកីឡូក្រាម ៩០០រៀលក្នុងមួយឡអាចចំណាយទឹកប្រាក់អស់ ១០០០ដុល្លា។

លោក សាយ វាសនា ព្រះរាជអាជ្ញារង តុលាការខេត្តកំពង់ធំ បានណែនាំឲ្យប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការដុតខ្យូងចាប់ពីពេលនេះតទៅ ហើយឲ្យទៅប្រកបមុខរបរថ្មីដែលស្របច្បាប់ ដូចជាចិញ្ចឹមមាន់ទា ដាំបន្លែ ចិញ្ចឹមត្រីជាដើម ដោយសារតែការដុតខ្យូងនេះ គឺជាមុខរបរខុសច្បាប់ និងជាការចូលរួមកាប់ បំផ្លាញព្រៃឈើ ធ្វើឲ្យព្រៃឈើរលាយហិនហោចមិនខាន ការលើកបែបនេះ គឺគោលបំណងឲ្យបងប្អូនប្រជាពលរដ្ឋ បែរជួយគ្នាថែរក្សាព្រៃឈើ ដែលជាធនធានធម្មជាតិរបស់ប្រទេសជាតិយើង ។

ដោយ ប៊ុន រដ្ឋា