ឧត្តមសេនីយ៍ទោសោម ស៊ុន ចុះសិក្សាស្ថានជីវភាពរស់នៅរបស់លោកវរសេនីយ៍ទោយ៉េត ហុន ក្រោយពេលក្លាយខ្លួនជាអតីតយុទ្ធជន

0

ខេត្តកំពង់ធំៈ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ចុះសួរសុខទុក្ខនិងជីវភាពរស់នៅរបស់  លោកវរសេនីយ៍ទោយ៉េត ហុន ក្រោយពេលក្លាយខ្លួនជាអតីតយុទ្ធជន ដែលបច្ចុប្បន្នរស់នៅ ភូមិស៊ីវត្ថា  ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ពិធីនេះបានធ្វើឡើង នៅរសៀលថ្ងៃសុក្រ ទី 05 ខែកុម្ភះ ឆ្នាំ 2021។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថា កាលពីនៅបំរើការងារ លោកវរសេនីយ៍ទោយ៉េត ហុន អតីតជាមេបញ្ជាការយោធាផ្នែកសឹករងសន្ទុក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺពុំមានផ្ទះរស់នៅក្នុងទីតាំងអង្គភាពផ្នែកសឹករងសន្ទុកទាំងក្រុមគ្រួសារ ក្រោយពេលចូលសោធននិវត្តន៍ ក៏ទទួលបានការជួយឧបត្ថម្ភ ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានទទួលប្រាក់គោលនយោបាយឧបត្ថម្ភចេញពីជួរកងទ័ព របស់ រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ បានទិញដីមួយកន្លែងដើម្បីរស់នៅកសាងជីវភាពគ្រួសារក្នុងជីវភាពជាជនស៊ីវិលនៅកាលពីឆ្នាំ ២០១៧  ។

ក្នុងឆ្នាំនោះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសាងសង់ផ្ទះមួយខ្នងដែលមានទំហំ 4 ម៉ែត្រគុណនឹង 6 ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅលើទីតាំងដីថ្មីនេះនិងបានស្នើសុំទៅថ្នាក់ដឹក នាំខេត្តដើម្បីតែងតាំង ជាសមាជិកក្រុមប្រឹក្សាស្រុកសន្ទុក  ។

ខណៈពេលនេះ ស្ថានភាព គ្រួសារ លោក យ៉េត ហុន បានខិតខំបង្កបង្កើតផលដាំដំណាំ បន្លែបង្ការ និងចិញ្ចឹមសត្វមាន់រាប់រយក្បាល រួមទាំងលក់ដំណាំបន្លែជាច្រើនមុខសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងទទួលបានប្រាក់បៀវត្ស របស់រាជរដ្ឋាភិបាល និងប្រាក់បៀវត្សប្រចាំខែ ជាសមាជិកក្រុមប្រឹក្សាស្រុក   គាត់បានកសាងជាភាពថ្មីមានភាពល្អប្រសើរ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បាននាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត និងលោកជំទាវ ឧបត្ថម្ភមានអង្ករចំនួន 50 គីឡូក្រាម មីយើងចំនួនពីរកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ  និងថវិកាមួយចំនួន អតីតយុទ្ធជន យ៉េត ហុន និងក្រុមគ្រួសារសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ព្រមទាំងគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានជួយដោះស្រាយគ្រប់យ៉ាងដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារគាត់ឲ្យមានជីវភាពធូធានៅពេលនេះ ។

ដោយ ប៊ុន រដ្ឋា