អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យ ស្ថានភាពច្រកទ្វារតាមបន្ទាត់ព្រំដែន និងទីតាំងចត្តាឡីស័ក ដេីម្បី ដាក់វិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ និងលោកជំទាវ រួមជាមួយអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន កាលពី ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ចុះ ពិនិត្យ ស្ថានភាព ទីតាំងចត្តាឡីស័ក តាមបន្ទាត់ព្រំដែន ច្រកទ្វារចំនួន០៥ទីតាំង រួមមានតំបន់X16ច្រកទន្លូង ច្រកទន្លេចាម ច្រកជាំក្រវៀន ច្រកទ្វារទ្វេភាគីដារ ក្នុងស្រុកមេមត់ និងច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈនៅខាងប្រទេសវៀតណាមកំពុងបន្តផ្ទុះឆ្លងរាលដាល ជំងឺដ៍កាចសាហាវនេះ។ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ដ ត្បូងឃ្មុំ បានគូសបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាព នៃការរីករាលដាលចូលក្នុងសហគមន៍ នៃជំងឺកូវីដ១៩ មន្ត្រីប្រចាំការនៅតាមច្រកទ្វារទាំងអស់ត្រូវក្តាបឲ្យជាប់ និងតាមដានរាល់សកម្មភាពនៃការឆ្លងដែនរបស់ប្រជាពលរដ្ឋ ពិសេសការឆ្លងដែនខុសច្បាប់ ហើយប្រសិនបើមានមែន មន្ត្រីសុខាភិបាលត្រូវត្រួតពិនិត្យធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ដោយឡែកអ្នកបើកបរដឹកទំនិញចេញចូលត្រូវគោរពតាមវិធានការ ការពាររបស់ក្រសួងសុខាភិបាល ព្រមទាំងបាញ់អាល់កុលសម្លាប់មេរោគលើរថយន្តទំនិញឲ្យបានម៉ត់ចត់បំផុត។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំ២ចំណុចគោលដៅសំខាន់រួមនោះគឺ -១. មន្ទីរសុខាភិបាលខេត្ត កងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវត្រៀមឲ្យរួចជាស្រេចនូវមធ្យោបាយ សម្ភារៈ សម្រាប់បង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កើតឡើងជាយថាហេតុ
២. អភិបាលស្រុក ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ត្រូវរកទីតាំងសម្រាប់ធ្វើកន្លែងចត្តាឡីស័ក១៤ថ្ងៃ សម្រាប់ប្រជាពលរដ្ឋដែលឆ្លងដែនចូលមកខេត្តត្បូងឃ្មុំ និងកងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងតាមបណ្តាព្រំដែន ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ លើបញ្ហាពលរដ្ឋដែលលួចឆ្លងដែនដោយខុសច្បាប់ ធ្វើយ៉ាងណាត្រូវធ្វើការទប់ស្កាត់ឲ្យខាងតែបាន ពិសេសត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ។
ជាមួយ គ្នា នោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹកឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕