ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ដែរ ដោយលោក ផល សុភាព ជាអភិបាលរងស្រុកបរិបូណ៌ ដោយមានការចូលរួមពី លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះដឹកនាំកម្លាំងធ្វើការវាស់វែង បោះបង្គោលលើផ្ទៃដី១០ហិកតា ដែលរាជរដ្ឋាភិបាល បានប្រគល់ជូនអាជ្ញាធរឃុំ ដើម្បីកសាងនិងធ្វើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
បន្ទាប់ពីមានការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនដែលថា លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ និងមន្ត្រីមួយចំនួននៃមន្ទីរពាក់ព័ន្ធ បានឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ យកអាចម៍ដីទៅលក់ឲ្យឯកជន ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីយកជាប្រយោជន៍របស់ខ្លួននិងក្រុម។
#បើយោងលិខិតរបស់ទីស្តីការគណ:រដ្ឋមន្ត្រី (លេខ ៦៦ សជណ កឆ) និងយោងចំណារដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី២២ ខែមករាឆ្នាំ២០២១ រាជរដ្ឋាភិបាល យល់ព្រមឱ្យកាត់វាដីទំហំ១០ហិកតា ដើម្បីជីករណ្ដៅដីជម្រៅ ២ម៉ែត្រ សម្រាប់យកអាចម៍ដីមកចាក់បំពេញទីតាំងសម្រាប់សាងសង់ផ្សារ ផែទាំង៣ប្រភេទ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ទីតាំងដីទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដែលបានជីករណ្ដៅយកអាចម៍ដីនេះ ត្រូវទុកសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍន៍វារីវប្បកម្ម ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច សន្តិសុខស្បង និងកាត់បន្ថយភាពក្រីក្រ។
ពាក់ព័ន្ធទៅនឹងការរិះគន់ខាងលើនេះ លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ ២០២១នេះ បានផ្ដល់បទសម្ភាសន៍អោយដឹងថា ការឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនេះ ជាទីតាំងសម្រាប់ត្រាស់សេធ្វើផ្លូវនៅចំណុចនេះ កន្លងមកតាមផែនការអភិវឌ្ឍន៍នៅឃុំឆ្នុកទ្រូ ដោយមានការឯកភាពពីថ្នាក់លើ ដែលក្រុមប្រឹក្សាឃុំឆ្នុកទ្រូ បានដាក់សំណើទៅកាន់រដ្ឋបាលខេត្ត និងក្រសួងកសិកម្ម ដោយបានស្នើសុំដីព្រៃលិចទឹកនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ធ្វើជារណ្ដៅជីកយកអាចម៍ដីទៅចាក់ធ្វើទីតាំងផ្សារថ្មី និងកំពង់ផែថ្មី ហើយសំណើរនេះ គឺអាជ្ញាធរខេត្ត ក៏បានឯកភាព ដោយបានបញ្ជូនទៅក្រសួងកសិកម្ម ហើយក្រសួងសិកម្មក៏បានឯកភាពហើយផងដែរ ។
ករណីដែលថា រដ្ឋបាលឃុំឆ្នុកទ្រូ ឃុបឃិតជាមួយក្រុមហ៊ុនលួចឈូសបំផ្លាញផ្លាញព្រៃលិចទឹកតំបន់៣ យ៉ាងអនាធិបតេយ្យនោះ គឺជារឿងមិនពិតនោះឡើយ ។ លោកថា ជាដីរបស់រដ្ឋដែលថ្នាក់លើបានអនុញ្ញាត ទើបអាជ្ញាធរឃុំ និងក្រុមហ៊ុនអនុវត្តទៅតាមសំណើរ។ អាជ្ញាធរនិងក្រុមហ៊ុនមិនហ៊ានធ្វើអ្វីទៅតាមទំនើងចិត្តដើម្បីផលប្រយោជន៍ឯកជននោះឡើយ។