(ប៉ៃលិន)៖ រសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងវិបត្តិកូវីដ-១៩ ចំនួន ៩៩២គ្រួសារ នៅសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសជួបសំណេះសំណាលនេះដែរ លោកស្រី បាន ស្រីមុំ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុនសែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសគឺពលរដ្ឋនៅតាមតំបន់ព្រំដែនយើងតែម្តង។
លោកស្រីអភិបាលខេត្ត បានបន្ថែមថា៖ ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ ទើបធ្វើឱ្យជីវភាពប្រជាពលរដ្ឋជាច្រើន ជួបនូវការខ្វះខាត ខណៈពេលមិនអាចចេញទៅប្រកបមុខរបរណាឆ្ងាយ ពីលំនៅឋានខ្លួនបានដូចកាលពីមុន ហើយអំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយសម្រាលបន្ទុកមួយរយៈពេលខ្លីប៉ុណ្ណោះ តែក៏នឹងផ្តល់ជូននាពេលក្រោយៗ បន្តទៀត។លោកស្រី បាន ស្រីមុំ ក៍បានក្រើនរម្លឹក ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ ដោយត្រូវធ្វើវិធានការអនាម័យជាប់ ជាប្រចាំ និងត្រូវណែនាំកូន ក្មួយ សាច់ញាតិ ដែលធ្វើចំណាកស្រុកមកពីប្រទេសថៃ ឲ្យទៅធ្វើចត្តាឡីស័ក១៤ថ្ងៃសិន។ក្នុងនោះលោកស្រីប្រធានគណៈកម្មាធិការសាខា ក៍បានស្នើសុំអោយពលរដ្ឋសម្អាតផ្ទះសំបែង របស់ខ្លួនអោយបានស្អាត ជាប់ជានិច្ច ហើយប្រសិនជាមានករណីអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន ត្រូវរាយការជាបន្ទាន់ មកកាន់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការចរាចរ គ្រឿងញៀនខុសច្បាប់ក្នុងខេត្តប៉ៃលិនយើងផងដែរ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង ៤សង្កាត់គឺនៅសង្កាត់ប៉ៃលិន សង្កាត់បរយ៉ាខា សង្កាត់ទួលល្វា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលបានទទួលអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន មានចំនួន ៩៩២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៤០គីឡូក្រាម មី ១កេស ត្រីខ ១យួ ទឹកស៊ីអ៊ីវ ១យួ ទឹកបរិសុទ្ធវីតាល់ ១កេស ឃីត ១កញ្ចប់ (ភួយ ១, មុង ១, កន្ទេល ១) និងថវិកាចំនួន ៣ម៉ឺនរៀល ដោយឡែកគ្រួសារពិការ ចំនួន ២៣នាក់ បានទទួលថវិកាឧបត្ថម្ភបន្ថែម ក្នុង១គ្រួសារៗចំនួន ៥ម៉ឺនរៀល ពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិនផងដែរ៕