គម្រោងការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជានិងចិន

សៀមរាប៖ ផែនការឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាសង់ឲ្យបាន៦៧% និងបញ្ចប់ការសាងសង់ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមិនា ឆ្នាំ២០២៣ខាងមុខអ្នកជំនាញនៃក្រុមការងារចិន ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា៖ តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់គម្រោងទាំងមូល គ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧% ដែលនៅក្នុងនោះ ការសាងសង់ស្ថានីយ៍អ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨% ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥% និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋានគ្រោងនឹងសម្រេចឲ្យបាន៥០%។ ការឲ្យដឹងយ៉ាងដូច្នេះ អ្នកជំនាញចិនរូបនោះ បានឧទ្ទេសនាមជូនប្រតិភូរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយអភិបាលខេត្តផ្ទាល់ (ឯកឧត្តម ទៀ សីហា) នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីវឌ្ឍភាពនៃការដ្ឋានសំណង់នោះ។

នៅក្នុងបទបង្ហាញនោះដែរ បានរំលឹកឲ្យដឹងដែរថា ការដ្ឋានសាងសង់ស្ថានីយ៍អ្នកដំណើរដែលចាប់ផ្តើមដំណើរការនាពាក់កណ្តាលខែមិនា មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបាន១៥% ជាមួយនេះសំណង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាននាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០%។ ទីតាំងការដ្ឋាននេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រសាទអង្គវត្ត ដែលធានាបានថា ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាបនេះ គ្រោងនឹងបញ្ចប់ ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេសនិងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមិនា ឆ្នាំ២០២៣ គឺមានរយៈពេលសារុប៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន ពាក់កណ្តាលខែមិនា ឆ្នាំ២០២០។ អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រមាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ៍អ្នកដំណើរជាង៨ម៉ុនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោកកិច្ចព្រមព្រៀង BOT រយៈពេល៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការសាងសង់អាកាសយានដ្ឋាននេះ គឺជាការរួមចំណែកសម្រាប់អនាគតថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ រវាងកម្ពុជានិងចិន ហើយក៏ជាសក្ខីភាពមួយដែរ បញ្ជាក់អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មនៃប្រទែសទាំងពីរ ជម្រុញកិច្ចដំណើរការគម្រោង ខ្សែក្រវ៉ាត់ំមួយ ផ្លូវមួយ ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕