ភ្នំពេញ៖ មានករណីអគ្គិភ័យឆ្លងចរន្តអគ្គិសនីឆាបឆេះ ឃ្លាំងស្តុកកាវមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅខណ្ឌកំបូល បណ្តាលឲ្យខូចខាតឃ្លាំង និងសម្ភារៈអស់ទាំងស្រុង។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ដែលស្ថិតនៅផ្លូវលំ ក្នុងភូមិត្រាចតាបាញ់ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំ បូល រាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ឃ្លាំងមានឈ្មោះ ចាន់ សុជាតិ រស់នៅភូមិស្រែក្នុង សង្កាត់កន្ទោក បានជួលឃ្លាំងនេះទៅឱ្យឈ្មោះ ចាវ ឃិលិ ភេទស្រី ជនជាតិចិន ស្នាក់នៅភ្នំពេញ និងប្តីឈ្មោះ អៅ អួន។
សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនីទុស្សេខ្សែភ្លើង បង្កជាអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យខូចខាតឃ្លាំងស្តុកទំហំ ១៦ម៉ែត្រ គុណ ២៥ម៉ែត្រ និងសម្ភារៈឆេះខូចខាតអស់ទាំងស្រុង ហើយផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះរងការខូចខាតឆេះហោជាងមួយចំហៀងផងដែរ និងមិនមានអ្នករងគ្រោះថ្នាក់នោះទេ។
ក្នុងប្រតិបត្ដិការនេះ ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ ២៥គ្រឿង ក្នុងនោះរថយន្ដពន្លត់អគ្គិភ័យរបស់រដ្ឋបាលខណ្ឌកំបូលចំនួន ០១គ្រឿង, រថយន្ដពន្លត់អគ្គិភ័យរបស់បុរីសង្ឃឹមថ្មីចំនួន ០២គ្រឿង, រថយន្ដពន្លត់អគ្គិភ័យរបស់អង្គភាព ៩១១ ចំនួន ០២គ្រឿង, រថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ១៥គ្រឿង, រថយន្ដពន្លត់អគ្គិភ័យរបស់អង្គភាព ង៧០ ចំនួន ០៤គ្រឿង, និងរថយន្ដពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនលោកឧកញ៉ា លី គឹមហេង ចំនួន ០១គ្រឿង៕