អភិបាលខេត្តប៉ៃលិន ផ្តល់ភាពកក់ក្តៅដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្ត

(ប៉ៃលិន)៖ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការ ម៉ែដោះ កូនៗកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវអភិបាលខេត្ត បាននាំមកនូវក្តីអាណិតស្រលាញ់ពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីទុក្ខលំបាកកូនៗចៅៗ ដែលកំព្រាគ្មានឳពុកម្តាយ គ្មានភាពកក់ក្តៅក្នុងជីវិត ។ជាមួយគ្នានេះលោកជំទាវ បានស្នើអោយប្រធានមណ្ឌល និងម៉ែដោះ យកចិត្តទុកដាក់មើលថែកុមារទាំងអស់អោយបានល្អ ចេះអនាម័យខ្លួនប្រាណ បង្ហាត់បង្រៀនបន្ថែមអោយកុមារមានចំណេះដឹង មានសីលធ៌ម សុជីវធ៌មល្អក្នុងការរស់នៅក្នុងមណ្ឌល និងក្នុងសង្គម និងចូលរួមកែលម្អបរិស្ថានក្នុងមណ្ឌលអោយកាន់តែល្អស្រស់បំព្រងជាប្រចាំ ហើយសម្រាប់កូនៗចៅៗដែលរស់នៅក្នុងមណ្ឌលត្រូវស្តាប់ដំបូន្មានអ្នកគ្រូ លោកគ្រូ ម៉ែដោះ ចៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងពាលា ត្រូវខំសិក្សារៀនសូត្រ កុំបាក់ទឹកចិត្ត ឬអស់សង្ឃឹមក្នុងជីវិតអោយសោះ បើកូនៗចៅៗណាតស៊ូរៀនសូត្រ លោកនឹងជម្រុញ ឧបត្ថម្ភអោយបន្តការសិក្សារហូតចប់មហាវិទ្យាល័យ ។ សូមបញ្ជាក់ថា៖ក្នុងឪកាសនោះដែរលោកជំទាវអភិបាលខេត្ត ក៏បានឧបត្ថម្ភចំណីអាហារ និងថវិកាមួយចំនួនដល់មណ្ឌល ម៉ែដោះ និងកូនៗចៅៗផងដែរ ៕