ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយ សាខាកាកបាទក្រហម ខេត្តកំពង់ចាម ចែក ជូនប្រជាពលរដ្ឋ ៨៩គ្រួសារ នៅសង្កាត់សំបួរមាស

កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បាន នាំយក អំណោយ មនុស្សធម៌ របស់ សាខា កាកបាទក្រហម ខេត្ត ចែកជូន ប្រជាពលរដ្ឋខ្វះខាត ក្នុងជីវភាព ចំនួន ៨៩គ្រួសារ មកពីភូមិចំនួន៣ គឺ ភូមិបឹងបាសាក់ កំពង់រលីង និងភូមិតាណេង នៃសង្កាត់សំបួរមាស ពិធីចែកអំណោយនេះត្រូវបាន ធ្វើ ឡេីង នាព្រឹក ថ្ងៃ ទី ៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅវត្តខេមវ័ន្តបឹងស្នាយ ស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយ មាន ការ អញ្ជើញចូលរួមពី លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមនឹង ថ្នាក់ដឹកនាំ ក្រុមការងារកាកបាទក្រហមកម្ពុជា ព្រមទាំង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ផងដែរ ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនទាំងអស់ ដែលជានិច្ចកាល សម្ដេចប្រធាន តែងតែបារម្ភគិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយអ្វីឡើយ ។ ដោយសម្ដេចតែងតែចាត់តំណាង ឲ្យចុះអន្តរាគមន៍ ដោះស្រាយ និងផ្តល់អំណោយមនុស្សធម៌ ដើម្បី រួមចំណែក ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការប្រុងប្រយ័ត្នឲ្យកាន់តែខ្ពស់ថែមទៀត ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវិដ១៩ តាមរយៈ នៃការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ដោយផ្តើមពីយើងម្នាក់ៗ ដែលកត្តាសំខាន់នោះ គឺ ត្រូវរស់នៅធម្មតា តាមបែបគន្លងថ្មី ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ គឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត បរិភោគអាហារដែលចម្អិន ឲ្យ ឆ្អិនល្អ ជាពិសេស ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នូវយុទ្ធសាស្ត្រ « ៣ ការពារ និង ៣កុំ» រួមជាមួយវិធានការនានា តាមសារអប់រំ របស់ក្រសួងសុខាភិបាល ដើម្បី បង្ការទប់ស្កាត់ កុំឲ្យជំងឺកូវីដ-១៩ ឆ្លងចូល ក្នុងសហគមន៍ របស់យើងបានឡេីយ ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនប្រជាពលរដ្ឋ ទាំង៩៨គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ឃីត ១កញ្ចប់ អាវយឺត២ និងថវិកា២០.០០០រៀល ផងដែរ ៕