ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២១នេះ មានជនសង្ស័យម្នាក់ត្រូវកម្លាំងជំនាញធ្វេីការឃាត់ខ្លួន ពាក់ព័ន្ធ ករណី លួចទ្រព្យសម្បត្តិ នៅក្នុងសាឡង់ចកនៅច្រាំងទន្លេ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៨-០១-២០២១ ម៉ោង១៦និង៣០នាទី។
ជនរងគ្រោះឈ្មោះសេង សំអាង ភេទ ប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ មុខរបរបើកបរសាឡង់ ស្នាក់នៅផ្ទះ៥៤៥ ភូមិព្រែកតាសេក សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ សុខ ហៃ ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុ ជនរង គ្រោះបានបើកសាឡង់ដឹកប្រេងមកទុកនៅចំណុចកើតហេតុ រួចដេកនៅលើសាឡង់ ស្រាប់តែមានជនសង្ស័យ០៣នាក់ ឈ្មោះសុខ ហៃ, លី និងឈ្មោះម៉ាប់ ជិះទូក០១គ្រឿង មកឈប់ក្បែរ រួចនាំគ្នាឡើងសាឡង់លួចយកកូនទូកស្មាច់០១គ្រឿង , ប្រេងម៉ាស៊ូត០៤កាន, ទូរស័ព្ទដៃ០១គ្រឿង ម៉ាកOppo ពណ៌ក្រហម និងកូនសោ០៣ឈុត យកទុកលើទូកពួកវា ពេលនោះជនរងគ្រោះឃើញស្រែកចោរៗ ពួកវាកញ្ចក់សាឡង់បែកមួយផ្ទាំង រួចបើកទូកគេចខ្លួន។
លុះដល់ថ្ងៃទី០៦-០២-២០២១ ម៉ោង១៣និង៣០នាទី ជនរងគ្រោះ និងកម្មករឃើញជនសង្ស័យឈ្មោះសុខ ហៃ កំពុងបើកទូកនៅភូមិ៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក៏ឃាត់ខ្លួនរួមនិងទូក០១គ្រឿង ជិះធ្វើសកម្មភាព ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីកសាងសណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស តាមច្បាប់ ៕