មន្ត្រីជំនាញរកឃើញសារធាតុគីមី ដាក់ក្នុងពពុះសណ្ដែក ងៀតបបែល ស្លឹកខ្ទឹមសរុបចំនួន១៤kg នៅផ្សារវាលយន្ត ក្រុងស្វាយរៀង

(ស្វាយរៀង)៖ នៅក្នុងឱកាសចូលឆ្នាំចិនជិតចូលមកដល់ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្ត បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដីនៅព្រឹកថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាលទ្ធផលគឺរកឃើញពពុះសណ្ដែក ងៀតបបែល ស្លឹកខ្ទឹម មានដាក់សារធាតុគីមី។

លោក ផឹង និល បានឲ្យដឹងថាសកម្មភាពការងារ ត្រួតពិនិត្យ ពីមន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ៣១ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លោកបានបន្តថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជាពពុះសណ្តែកចំនួន ៨Kg មានសារធាតុគីមី ( Borax ) ងៀតបបែល ចំនួន ៥ Kg មានសារធាតុគីមី ( Borax )ស្លឹកខ្ទឹម ចំនួន ១ Kg មានថ្នាំសំណល់គីមីកសិកម្ម នំចំរុះ ចំនួន ៦ Kg( ខូចគុណភាព )។

លោកបានបន្តថាទំនិញដែលមានសារធាតុគីមីបូរ៉ាក់នេះ កាលណាយើងបរិភោគវា នាំអោយប៉ះពាល់ដល់សុខភាពយ៉ាង ធ្ងន់ធ្ងរ ពិសេសក្រពះ ពោះវៀន ក្រលៀនជាដើម។ដូច្នេះក្នុងនាមប្រធានសាខា(កបប)ខេត្តសូមធ្វើការអំពាវនាវដល់អាជីវករ ត្រូវសហការជាមួយមន្ត្រីជំនាញ ក្នុងការធ្វើតេស្តរកសារធាតុគីមីហាមឃាត់ និងរកទំនិញដែលខូចគុណភាពដើម្បីធានាបាន សុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់សុខមាលភាពទាំងអ្នកប្រើប្រាស់ និងអ្នកលក់ឱ្យមានសុខភាព ល្អទាំងអស់គ្នា៕